សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ត្រេកអរចំពោះកម្លាំងសាមគ្គី ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា នៅកម្ពុជា
AKPភ្នំពេញថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦–
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ត្រេកអរចំពោះកម្លាំងសាមគ្គី ដើម្បីលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា ដែលបានមូលមតិគ្នាដង្ហែទៀនព្រះវស្សាទៅប្រគេនដល់វត្តចំនួន១៥ ក្នុងខេត្តសៀមរាប។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ប្រធានថេរសភា នៃព្រះពុទ្ធសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា នាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះចៅអធិការវត្តរាជបូរណ៌ ក្រុងសៀមរាប ខេត្តសៀមរាប បានសម្តែងនូវការត្រេកអរជាពន់ពេកចំពោះព្រះសង្ឃ ញាតិញោមជាពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដែលបានមូលមតិគ្នាដង្ហែទៀនព្រះវស្សាទៅប្រគេនដល់វត្តចំនួន១៥ ក្នុងខេត្តសៀមរាបទៅតាមប្រពៃណី និងទំនៀមទម្លាប់ព្រះពុទ្ធសាសនានៃការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃ ដោយបានចាត់ទុកថានេះគឺជាកម្លាំងសាមគ្គី ដើម្បីលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។

ក្នុងពិធីប្រគេនទៀនព្រះវស្សា ក្រោមការដឹកនាំចាត់ចែងដោយព្រះមហាសុវណ្ណបជោតោ មាន ពន្លឺ ជាព្រះមេកុដិ លេខ១០ វត្តសារាវន្តតេជោ រាជធានីភ្នំពេញ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ បញ្ញាមុន្នី សិរីបញ្ញាធម្មនាថអគ្គមហា ឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ឯកអគ្គរាជទូតអមព្រះរាជលេខាធិការដ្ឋាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ លោកស្រី ហ៊ាង ស៊ីវឡាង ព្រមទាំងបុត្រ លោក គន់គីម យូរ៉ា និងភរិយា សុកាន់ ភីរៈណុច លោក សុង សុណាល់ និងលោកស្រី គង់ គឹមសេង ឧបាសិកា ទូច សុយេង និងឧបាសិកា ទូច សុចេង លោក សៀម ប៊ុននី និងអ្នកស្រី កែវ ឃុន ព្រមទាំងបុត្រ លោក សាយ គឹមសួរ និងលោកស្រី ប៉ាន់ សុផា ព្រមទាំងបុត្រ ដែលបានប្រារព្ធឡើងនៅប្រាសាទព្រះអង្គគោកធ្លកមុខប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានថេរដីកាថា នេះគឺជាកម្លាំងសាមគ្គីដ៏ល្អមួយរបស់អ្នកកាន់ព្រះពុទ្ធសាសនានៅកម្ពុជា ដើម្បីលើកស្ទួយព្រះពុទ្ធសាសនាដែលយើងទាំងអស់គ្នា បាន និងកំពុងគោរពប្រណិប័តន៍តាំងពីបុរាណសម័យរហូតមកដល់សម័យយើងបច្ចុប្បន្ន និងតទៅដល់កូនចៅជំនាន់ក្រោយៗបន្ថែមទៀត។

សម្តេចបានគូសបញ្ជាក់ថា ការប្រារព្ធពិធីប្រគេនទៀនព្រះវស្សាប្រចាំឆ្នាំនេះគឺបានធ្វើឡើងតាំងពីសម័យពុទ្ធសម័យកាលដែលព្រះអង្គគង់ធរមាននៅឡើយ ដោយញាតិញោមជាពុទ្ធបរិស័ទមានដូចជា ជាក្សត្រ សេដ្ឋី គហបតី និងបណ្តាប្រជានុរាស្ត្រ កាលណាជិតដល់រដូវចាំវស្សាហើយ គេតែងនាំយកប្រេងទៅប្រគេនដល់ព្រះសង្ឃដែលត្រូវគង់ចាំព្រះវស្សា ដែលជារដូវមានភ្លៀងធ្លាក់ជោកជាំ ហើយព្រះសង្ឃមិនអាចនិមន្តចេញពីក្រៅវត្តបាន ដើម្បីលោកអុជបំភ្លឺក្នុងការសិក្សារៀនសូត្រនៅក្នុងវត្តដែលកាលនោះគ្មានទៀនដើម្បីប្រគេនព្រះសង្ឃដូចសម័យបច្ចុប្បន្ននេះទេ។
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានបន្ថែមថា ដល់មកសម័យបុរាណដូនតាយើងបានធ្វើទៀនពីក្រមួនឃ្មុំ ដោយយកក្រមួនឃ្មុំមកស្លចាក់ហើយគេមានធ្វើពិធីសូត្រទៀនវស្សានេះដោយជ្រះថ្លាណាស់ ហើយបើទោះបីជាធ្វើទៀនក៏គេនៅតែវេរប្រេងមាន ប្រេងដូង ប្រេងសណ្តែកជាដើមទៅដល់ព្រះសង្ឃ ព្រោះទៀនមួយដើមមិនអាចអុជបានបីខែទេ ម្ល៉ោះហើយគេត្រូវចាក់ប្រេងបន្ថែមក្នុងទៀន ដើម្បីអុជទៅឱ្យបានគម្រប់បីខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃ។ លុះដល់មកបច្ចុប្បន្នសព្វថ្ងៃនេះ គេធ្វើទៀនកាន់តែល្អប្រណិតជាងពីបុរាណទៅទៀត រហូតដល់អ្នកខ្លះគេធ្វើទៀនវស្សាតែគេដាក់អំពូលភ្លើងអគ្គិសនី ដោយឃើញយកមកប្រគេនព្រះសង្ឃរូបរាងជាទៀនវស្សាតែគេដាក់អំពូលអគ្គិសនីពីលើណាមួយក៏បានដែរ ពីព្រោះទិសដៅគឺអុជបំភ្លឺនៅពេលរាត្រីដូចតែគ្នា។ ប៉ុន្តែទោះបីយ៉ាងណាក៏ញោមញាតិនៅតែមិនទាន់បោះបង់ការប្រគេនទៀនជានិមិត្តរូបចាំព្រះវស្សាឡើយ។
ក្នុងឱកាសនេះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះញាតិញោម ដែលបានធ្វើទានដោយការនាំមកនូវទៀនចំណាំព្រះវស្សា សំពត់សម្រាប់ងូតទឹកភ្លៀង និងបរិក្ខារផ្សេងៗ មកវេរប្រគេនចំពោះព្រះភិក្ខុសង្ឃចំនួន ១៥វត្ត ក្នុងខេត្តសៀមរាបប្រកបដោយសទ្ធាជ្រះថ្លានាពេលនេះ៕
ដោយ៖ ចាន់ សុភឿន





