អង្គការ FAO ចុះទៅកាន់ព្រៃសហគមន៍ស្រែធំ និងអណ្ដូងចាន់ ក្នុងខត្តក្រចេះ ដើម្បីពិនិត្យមើលវឌ្ឍនភាព បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦-- អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អង្គការ RECOFTC អង្គការ WCS Cambodia នាយកដ្ឋានពាក់ព័ន្ធ និងដៃគូថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី៥-៦ ខែតុលា ឆ្នាំ២០២៦ បានចុះបំពេញបេសកកម្មលើកទី ៦ ដើម្បីតាមដានការងារ ដោយចុះពិនិត្យជាក់ស្តែងនៅទីតាំង និងរៀបចំសិក្ខាសាលានៅក្នុងខេត្តក្រចេះ។

ក្រុមការងារបានចុះទៅកាន់ព្រៃសហគមន៍ស្រែធំ និងព្រៃសហគមន៍អណ្ដូងចាន់ ដើម្បីពិនិត្យមើលវឌ្ឍនភាព ពិភាក្សាអំពីបញ្ហាប្រឈមក្នុងការអនុវត្ត និងស្វែងរកដំណោះស្រាយជាក់ស្តែងនានា ក្នុងគោលបំណងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ និងការគ្រប់គ្រងព្រៃឈើ។ ក្នុងងសិក្ខាសាលាបច្ចេកទេសនេះ បានផ្តល់ឱកាសដើម្បីពិភាក្សាអំពីលទ្ធផលដែលទទួលបានពីការចុះអនុវត្តជាក់ស្តែងនៅមូលដ្ឋាន ព័ត៌មានថ្មីៗអំពីគម្រោង អាទិភាព និងអនុសាសន៍នានាសម្រាប់ដំណាក់កាលអនុវត្តបន្ទាប់។

ដំណើរទស្សនកិច្ចនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ចាន់ ជាស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មាធិការដឹកនាំគម្រោង CASFor ព្រមទាំង ឯកឧត្តម ស្រី សុធា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការ។ គម្រោង CASFor ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដោយគាំទ្រដល់វិស័យព្រៃសហគមន៍ និងតំបន់ការពារសហគមន៍នៅក្នុងខេត្តចំនួនប្រាំ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព ការអភិរក្សព្រៃឈើ ការស្តារប្រព័ន្ធអេកូឡូស៊ី និងការការពារជីវចម្រុះ។

គម្រោង CASFor ត្រូវបានអនុវត្តដោយអង្គការ FAO សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយមានភាពជាដៃគូជាមួយអង្គការ UNDP កម្ពុជា, WCS កម្ពុជា និង RECOFTC៕
ដោយ ណយ នឿន (ប្រភព៖ FAO)





