បទយកការណ៍៖ កម្ពុជាត្រៀមខ្លួនពង្រឹងការទូតសភាលើឆាកអន្តរជាតិ ក្នុង «សន្និសីទប្រធានសភានៃអន្តរសភា» នៅខែសីហា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦--
សន្និសីទប្រធានសភានៃអន្តរសភា (ISC) ជាព្រឹត្តិការណ៍ថ្មីមួយទៀតដែលនឹងបង្កើតឱ្យមានជំនួបរវាងប្រធានសភាមកពីជុំវិញពិភពលោក សម្រាប់ពង្រឹងការទូតសភា កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

សន្និសីទនេះដើរតួនាទីជាវេទិកាពិសេសមួយ ដែលមេដឹកនាំសភាអាចដោះស្រាយដោយផ្ទាល់នូវបញ្ហាប្រឈមក្នុងតំបន់ ចែករំលែកបទពិសោធផ្នែកច្បាប់ និងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួម។ សន្និសីទប្រធានសភានៃអន្តរសភា នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំថ្មីមួយទៀតសម្រាប់កម្ពុជាក្នុងការបន្តពង្រឹងតួនាទី និងឥទ្ធិពលការទូតសភារបស់ខ្លួនលើឆាកអន្តរជាតិឱ្យលេចធ្លោថែមមួយកម្រិតទៀតដើម្បីរួមចំណែកដល់តំបន់ និងពិភពលោកក្នុងការពង្រឹងពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការសភាដើម្បីពង្រីកទំនាក់ទំនងរវាងសភានៃបណ្តាប្រទេសជាសមាជិក ក្នុងការថែរក្សាសន្តិភាព សណ្តាប់ធ្នាប់អន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងគោលដៅធានាឱ្យបាននូវកិច្ចសហការយ៉ាងរលូន សុវត្ថិភាព និងភាពជោគជ័យកម្រិតខ្ពស់ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ដ៏មានសារៈសំខាន់ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា បានបើកកិច្ចប្រជុំមួយដើម្បីពិនិត្យលើវឌ្ឍនភាពការងារត្រៀមរៀបចំសន្និសីទនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កិច្ចប្រជុំមួយបានប្រារព្ធធ្វើនៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានគណៈកម្មការដឹកនាំសម្រាប់ការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ និងមានការចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរផងដែរ។

កិច្ចប្រជុំបានស្តាប់របាយការណ៍វឌ្ឍនភាព និងការបង្ហាញផែនការសកម្មភាពការងាររបស់អនុគណៈកម្មការជំនាញទាំង ៥ ដែលរួមមាន៖ ១) អនុគណៈកម្មការខ្លឹមសារ និងឯកសារ ២) អនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ ៣) អនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា ៤) អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម និង ៥) អនុគណៈកម្មការពិធីការ បដិសណ្ឋារកិច្ច ឡូជីស្ទីក និងលេខាធិការដ្ឋាន។

គួររំលឹកថាកាលពីខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា តាមសំណើរបស់ ឯកឧត្តម Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃ ISC នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Syed Yousaf Raza Gilani នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
សន្និសីទប្រធានសភានៃអន្តរសភា បង្កើតឡើងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ឯកឧត្តម Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ត្រូវបានជ្រើសរើសជាប្រធានដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសនានា លើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងស្វែងរកដំណោះស្រាយរួមលើបញ្ហាឆ្លងដែន ពង្រឹងតួនាទីការទូតសភា និងដោះស្រាយវិបត្តិពិភពលោក។ សន្និសីទ ISC លើកដំបូងបានរៀបចំនៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន នៅខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ”។ កម្ពុជាគឺជាសមាជិកស្ថាបនិកមួយនៃ ISC ផងដែរ។

កម្ពុជាបានជ្រើសរើសប្រធានបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួមគ្នា-ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី» សម្រាប់សន្និសីទ លើកទិ២នេះ ដែលឆ្លុះបញ្ចាំងពីភាពបន្ទាន់នៃសម័យកាលរបស់យើងដែលទាមទារយ៉ាងខ្លាំងនូវតួនាទីដ៏សំខាន់របស់សភាក្នុងការជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងការគោរពអធិបតេយ្យភាព នីតិរដ្ឋ និងវប្បធម៌ សម្រាប់បុព្វហេតុរួមនៃភាពសុខដុមរមនា សន្តិភាព និង វិបុលភាពរួមគ្នានៅក្នុងពិភពលោក។
នៅក្នុងសារស្វាគមន៍ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ “ប្រទេសកម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ISC ដែលការណ៍នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមអន្តរជាតិប្រកបដោយស្ថាបនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីជំនឿយ៉ាងមុតមាំរបស់យើងលើតម្លៃនៃការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងអស់នៅគ្រប់តំបន់ទាំងអស់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “ប្រវត្តិសាស្ត្រផ្តល់នូវមេរៀនដ៏មានតម្លៃក្នុងរឿងនេះ។ វាបង្រៀនយើងថាសន្តិភាព និងវិបុលភាពយូរអង្វែងមិនត្រូវបានបង្កើតឡើងតាមរយៈ "ឯកភាព" នោះទេប៉ុន្តែតាមរយៈការគោរពគ្នាទៅវិញទៅមក និងការយោគយល់គ្នាក្នុងចំណោមប្រជាជន និងប្រជាជាតិចម្រុះ ។ តាមរយៈការទទួលស្គាល់ភាពខុសគ្នារបស់យើង ការរៀនសូត្រពីបទពិសោធពីអតីតកាល និងការឱបក្រសោបស្មារតីសហប្រតិបត្តិការ យើងអាចរួមគ្នាបង្កើតអនាគតមួយដែលផ្អែកលើការជឿទុកចិត្ត ស្ថិរភាព និងវិបុលភាពរួមគ្នា […]”។
គួរកត់សំគាល់ថា ក្នុងឆ្នាំ២០២៦ ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជាបានបំពេញតួនាទីជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការទូតកម្រិតខ្ពស់ជាបន្តបន្ទាប់ រួមមានសិក្ខាសាលាថ្នាក់ជាតិស្ដីពី អាកាសធាតុ ក្រោមការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន និងអង្គការ Tara Climate ដើម្បីជំរុញដំណោះស្រាយលើបញ្ហាបរិស្ថានសកល។ ទន្ទឹមនឹងនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំស្ដីពីក្របខណ្ឌអាហារូបត្ថម្ភ ដែលជាយន្តការតំបន់ដ៏សំខាន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀង និងសុខុមាលភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលជាវេទិកាកម្រិតសកលសម្រាប់ថ្នាក់ដឹកនាំសភាជុំវិញពិភពលោក ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងការពង្រឹងសន្តិភាព។ ជាមួយគ្នានេះ វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ស្ដីពីសុខភាពពិភពលោក ក៏នឹងត្រូវរៀបចំឡើងក្នុងគោលបំណងកសាងឆន្ទៈនយោបាយ និងពង្រឹងសមត្ថភាពសមាជិកសភាក្នុងវិស័យសុខាភិបាលផងដែរ។
ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា បាននិងកំពុងបង្ហាញនូវសមត្ថភាពដឹកនាំដ៏លេចធ្លោក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការប្រកាន់ខ្ជាប់នូវយន្តការច្បាប់អន្តរជាតិ និងការចែករំលែកឧត្តមានុវត្តន៍។ កម្ពុជាបានបញ្ជាក់ពីចេតនាពិតប្រាកដក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ។ ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ISC លើកទី២ របស់កម្ពុជានេះ គឺជាការបន្តពង្រឹងតួនាទី និងឥទ្ធិពលការទូតសភារបស់កម្ពុជាលើឆាកអន្តរជាតិឱ្យលេចធ្លោថែមមួយកម្រិតទៀត ដើម្បីរួមចំណែកដល់តំបន់ និងពិភពលោកក្នុងការពង្រឹងពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការសភាដើម្បីពង្រីកទំនាក់ទំនងរវាងសភានៃបណ្តាប្រទេសជាសមាជិក ក្នុងការថែរក្សាសន្តិភាព សណ្តាប់ធ្នាប់អន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ការផ្លាស់ប្តូរទស្សនទាន និងឧត្តមានុវត្តន៍លើការអនុវត្តច្បាប់ និងការដោះស្រាយបញ្ហាប្រឈមសកលដូចជាសន្តិសុខបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម ហើយក៏ជាការលើកកម្ពស់មុខមាត់ជាតិតាមរយៈការបង្ហាញទៅកាន់ពិភពលោក ពីស្ថិរភាពនយោបាយ វប្បធម៌ដ៏សម្បូរបែប និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា៕
ដោយ បាន ច័ន្ទតារារិទ្ធ





