អភិបាលខេត្តបន្ទាយមានជ័យ៖ ការវិនិយោគលើអាហារូបត្ថម្ភកុមារ គឺជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់ធនធានមនុស្ស និងអនាគតរបស់ប្រទេសជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--ការលើកកម្ពស់អាហារូបត្ថម្ភ និងសុខុមាលភាពរបស់មាតា និងកុមារ មិនមែនគ្រាន់តែជាកិច្ចការសុខាភិបាលមួយមុខនោះទេ ប៉ុន្តែវាជាការវិនិយោគជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នេះជាការគូសបញ្ជាក់យ៉ាងច្បាស់ៗរបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំស្តីពី «លទ្ធផលសម្រេចបានលើការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ចាប់ពីឆមាសទី២ ឆ្នាំ២០២២ ដល់ឆមាសទី១ ឆ្នាំ២០២៦»។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ «ក» សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ លោក-លោកស្រីអភិបាលក្រុង-ស្រុក ព្រមទាំងមេឃុំ និងចៅសង្កាត់ទូទាំងខេត្តយ៉ាងច្រើនកុះករ។
នៅក្នុងប្រសាសន៍សំណេះសំណាល និងបើកកិច្ចប្រជុំ ឯកឧត្តម អ៊ុ រាត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋាន ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការរុញច្រានឱ្យគម្រោងអាហារូបត្ថម្ភនេះ ទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ (២០២២-២០២៦)។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗ រួមមានការកាត់បន្ថយអត្រាកុមារក្រិន និងស្គមស្គាំងលទ្ធផលក្នុងរយៈពេល ៤ឆ្នាំនេះ បានបង្ហាញពីការប្រែប្រួលជាវិជ្ជមានតាមរយៈការចុះអប់រំផ្សព្វផ្សាយ និងការផ្តល់សេវាសុខាភិបាលចំគោលដៅ ដែលធ្វើឱ្យសុខភាពមាតា និងទារកកាន់តែល្អប្រសើរឡើង។
ការបង្កើនការយល់ដឹងនៅមូលដ្ឋាន ឯកឧត្តមបានកោតសរសើរដល់មេឃុំ-ចៅសង្កាត់ ដែលជាអ្នកនៅកៀកជិតប្រជាពលរដ្ឋបំផុត ក្នុងការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវដល់កុមារតូចៗ។ ភាពជាដៃគូដ៏រឹងមាំ កិច្ចសហការរវាងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍ គឺជាគន្លឹះជោគជ័យដែលមិនអាចខ្វះបាន។

«យើងមិនអាចសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនោះទេ ប្រសិនបើកុមាររបស់យើង ដែលជាទំពាំងស្នងឫស្សី មិនទាន់ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងការលូតលាស់ដោយសុខភាពល្អបរិបូរណ៍។ ស្នាមញញឹម និងសុខភាពរបស់កុមារនៅថ្ងៃនេះ គឺជាភាពជោគជ័យនៃសង្គមជាតិយើងនៅថ្ងៃអនាគត»។ នេះជាប្រសាសន៍ដ៏មានអត្ថន័យរបស់ ឯកឧត្តម អ៊ុ រាត្រី។
ទោះបីជាលទ្ធផលពីឆមាសទី២ ឆ្នាំ២០២២ ដល់ឆមាសទី១ ឆ្នាំ២០២៦ នេះ បង្ហាញពីមោទនភាពយ៉ាងណាក្តី ក៏ឯកឧត្តមអភិបាលខេត្ត បានដាស់តឿនដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ទាំងអស់ មិនត្រូវស្កប់ស្កល់នឹងលទ្ធផលនេះឡើយ។ ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យបន្តពង្រឹងយន្តការតាមដាន វាយតម្លៃ និងបន្តអប់រំសុខភាព អាហារូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងមាតាគ្រប់រូបនៅតាមមូលដ្ឋានដាច់ស្រយាល ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាព នៃគម្រោងនេះ ទោះបីជាយុទ្ធនាការដំណាក់កាលនេះត្រូវបញ្ចប់ក៏ដោយ។

កិច្ចប្រជុំពេញមួយព្រឹកនេះ មិនត្រឹមតែជាការបូកសរុបលេខទិន្នន័យនៅលើក្រដាសនោះទេ ប៉ុន្តែវាគឺជាវេទិកានៃការជជែកដេញដោល ផ្លាស់ប្តូរបទពិសោធន៍ និងការប្តេជ្ញាចិត្តរួមគ្នារបស់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក្នុងការលុបបំបាត់បញ្ហាឱនភាពអាហារូបត្ថម្ភឱ្យអស់ពីទឹកដីនៃខេត្តសហប្រតិបត្តិការមួយនេះ៕
ដោយឈុនសារ៉ាត





