ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់ដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងទុតិយភូមិឆ្នាំនេះឱ្យខិតខំប្រឹងប្រែង ដើម្បីទទួលបានការលើក ទឹកចិត្តពីថ្នាក់ដឹកនាំ
AKP កំពង់ស្ពឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកំពុងខិតចូលមកដល់ ឯកឧ ត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានប្រាប់ដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងរៀន សូត្រឱ្យអស់ពីលទ្ធភាព ដើម្បីអាចប្រឡងជាប់គ្រប់ៗគ្នា ពិសេសគឺទទួលបាននិទ្ទេសល្អក្នុងការប្រឡង។

ការណែនាំធ្វើឡើងក្នុងឱកាសដាក់សម្ពោធឱ្យប្រើប្រាស់បណ្ណាល័យមរតកក្រមង៉ុយទាំង២កន្លែងដែលស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន មង្គលបពិត្រនិងវិទ្យាល័យ ស្លាបលែង ស្ថិតនៅក្នុងភូមិកៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា សម័យប្រឡងនាថ្ងៃទី១០ ខែសីហា ឆ្នាំនេះបានខិតកាន់តែគៀកហើយ ដូច្នេះក្មួយៗដែលជាបេក្ខជ នប្រឡងគឺបាននិងកំពុងត្រៀមខ្លួនជាស្រេចក្នុងការប្រឡងយកសញ្ញាប័ត្រទុតិយភូមិ។ទន្ទឹមនិងការខិតខំប្រឹងប្រែងដើម្បីការប្រឡងជាប់ហើយនោះ លោកគ្រូ អ្នកគ្រូ រួមទាំងក្រុមការងារមន្ទីរក៏ត្រូវប្រឹងប្រែងបន្ថែមទៀតក្នុងការបន្តជួយជ្រោមជ្រែងឱ្យអស់ពីលទ្ធភាពនិងគ្រប់រូបភាព ដើម្បីធានាបានថាប្អូនៗជាសិស្សានុសិស្សនឹងទទួលបានលទ្ធផលល្អ ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរៀន សូត្ររបស់ពួកគេជាច្រើនឆ្នាំមកនេះ។

ជាមួយនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញឱ្យការសិក្សារបស់ក្មួយៗពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អនិងមានគុណភាព។

ចំនុចនេះបានស្តែងឱ្យឃើញតាមរយៈការប្រឡង ប្រជែងយកនិទ្ទេសល្អពិសេសគឺនិទ្ទេសA ដែលឆ្នាំកន្លងទៅអ្នកដែលទទួលបានជ័យលាភីមានរហូតដល់ទៅ៧៩នាក់ ហើយក្នុងនោះគឺទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំគ្រប់គ្នា។ហើយដោយឡែក សម្រាប់ឆ្នាំនេះក៏រំពឹងថា អ្នកដែលប្រឡងជាប់និងមាននិទ្ទេសAមានការកើនឡើងលើសពីបណ្តាឆ្នាំមុនៗ ក្រោមទិស ស្លោក“អ្នកចេះគឺជាប់” ហើយក្រោយបញ្ចប់ការប្រឡងនិងប្រកាសលទ្ធផលគឺរាជរដ្ឋាភិបាលក៏ដូចជាសកលវិទ្យាល័យជាច្រើនបាននិងកំពុងរងចាំផ្តល់ការលើកទឹកចិត្តនិងផ្តល់អាហារូបករណ៍សម្រាប់អ្នកទទួលបានជ័យលាភីនិទ្ទេសល្អផងដែរ៕


ដោយ៖ ម៉ែន ប៊ុនធីម





