ឯកឧត្តម ម៉ម ប៊ុននាង និងគណៈប្រតិភូ GLS សាធារណរដ្ឋកូរ៉េជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយជាគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា និងគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល(GLS)នៃសាធារណរដ្ឋកូរ៉េជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាងបានគូសបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ព្រឹទ្ធសភាតាមរយៈគណៈក ម្មការទី១០បានចុះអនុស្សារណៈស្ដីពីការផ្ដល់ជំនួយមនុស្សធម៌ដែលរួមមានឱសថ ឧបករណ៍វេជ្ជសាស្រ្ត និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃប្រគល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបងចំនួន៥លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ដាក់ឱ្យអនុវត្តន៍រយៈពេល៥ឆ្នាំដោយគិតពីឆ្នាំ២០២៦-២០៣១ក្នុងគោលបំណងចូលរួមលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនក្រីក្រ និងប្រជាជនងាយរងគ្រោះនៅមូលដ្ឋាន ពិសេសផ្នែកសុខភាព អប់រំ និងសុខមាលភាពឱ្យបានកាន់តែល្អប្រសើរ។ មូលនិធិ GLS បានចាប់ផ្តើម និងបានផ្តល់ជំនួយរបស់ខ្លួនចំនួន២២លើកក្នុងទឹកប្រាក់សរុបចំនួន ៣៤ លានដុល្លារអាម៉េរិក ចាប់ពី ឆ្នាំ២០២២ មកទល់បច្ចុប្បន្ននេះ ហើយក្នុង ឆ្នាំ២០២៧ មូលនិធិមានគម្រោងវិសាលភាពបញ្ចូលទៅខេត្តផ្សេងទៀតផងដែរ។

លោក គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េបានសម្ដែងក្ដីរីករាយ និងបង្ហាញពីបំណងបន្តជួយដល់ប្រទេសកម្ពុជាឱ្យបានគ្របដណ្ដប់នៅទូទាំង២៥ រាជធានី ខេត្ត។ លោក នឹងពិនិត្យលទ្ធភាពផ្ដល់ជូនបន្ថែមនូវសម្ភារវេជ្ជសាស្រ្តដល់រដ្ឋបាលខេត្តបាត់ដំបងដើម្បីបំពេញសេចក្ដីត្រូវការចាំបាច់ក្នុងវិស័យសុខាភិបាល។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្ដែងនូវការកោតសរសើរបំផុតចំពោះទស្សនវិស័យ និង បេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លារបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលក្រោមការដឹកនាំរបស់លោកប្រធានដែល តែងតែបង្ហាញនូវទឹកចិត្តសប្បុរសធម៌ក្នុងការចែករំលែក និងជួយសង្គ្រោះជីវិតមនុស្សលោកដោយមិនប្រកាន់ពូជសាសន៍ និងពណ៌សម្បុរ។

សកម្មភាពដ៏មានតម្លៃទាំងនេះ គឺពិតជាស្របទៅនឹងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា តាមរយៈអនុស្សរណៈនៃការយោគយល់នេះនឹងក្លាយជាសកម្មភាពថ្មីមួយក្នុង ការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការយូរអង្វែង ពិសេសលើការបង្កើតឱ្យមានគម្រោងមនុស្សធម៌នានា ការផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស និងការជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខុមាលភាព ដើម្បីលើកកម្ពស់គុណភាពជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែប្រសើរឡើង។
រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនជាស្រេចក្នុងការសហការ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដើម្បីឱ្យរាល់គម្រោង និងគោលបំណងរបស់មូលនិធិទទួលបានជោគជ័យតាមការគ្រោងទុក ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





