អង្គការតំណាងជនពិការមានតួនាទីសំខាន់ និងជាសំឡេងតំណាងឱ្យជនមានពិការភាពក្នុងការបង្ហាញតម្រូវការ និងបញ្ហាប្រឈម
AKP ភ្មំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្ដម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក ស្រី ចាន់ អគ្គលេខាធិការរងក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីកិច្ចសន្ទនារវាងអ្នករៀចំគោលនយោបាយ និងអង្គការតំណាងជនពិការ ក្រោមប្រធានបទ «តួនាទីរបស់អង្គការតំណាងជនពិការ និងការចូលរួមចំណែកក្នុងការអនុវត្តន៍កម្មវិធីគាំពារសង្គមនៅថ្នាក់ក្រោមជាតិ» នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម សំហេង បុរស បានលើកឡើងថា អង្គការតំណាងជនពិការមានតួនាទីជាសំឡេងតំណាងឱ្យជនមានពិការភាពក្នុងការបង្ហាញតម្រូវការ បញ្ហាប្រឈម និងដំណោះស្រាយជាក់ស្តែង។ ជាដៃគូសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីគាំពារសង្គមដល់សហគមន៍។ ចូលរួមតាមដាន វាយតម្លៃ និងផ្តល់មតិយោបល់លើការអនុវត្តន៍កម្មវិធីគាំពារសង្គមនៅមូលដ្ឋាន ។ ក្នុងកម្មវិធីនេះដែរ ឯកឧត្ដម សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងតួនាទីរបស់អង្គការតំណាងជនពិការ និងការចូលរួមប្រកបដោយអត្ថន័យក្នុងការអនុវត្តកម្មវិធីគាំពារសង្គមនៅថ្នាក់ក្រោមជាតិ ដើម្បីធានាថា ជនមានពិការភាពទទួលបានការការពារ ការគាំទ្រ និងឱកាសស្មើភាពក្នុងការអភិវឌ្ឍន៍សង្គមប្រកបដោយបរិយាបន្ន និងចីរភាព។

កម្មវិធីកិច្ចសន្ទនានេះរៀបចំដោយអង្គការជនពិការកម្ពុជា និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធសរុបចំនួនប្រមាណ ១០៩នាក់។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងលើការគ្រប់គ្រង និងការពិនិត្យថវិកាសេវាសង្គមថ្នាក់ក្រោមជាតិ ទន្ទឹមនឹងការជំរុញការយល់ដឹងអំពីនីតិវិធីនៃការសុំប័ណ្ណសម្គាល់ពិការភាព និងការទទួលបានអត្ថប្រយោជន៍គាំពារសង្គម ពីកម្មវិធីកញ្ចប់គ្រួសារ ៕

ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





