ឯកឧត្តម សុខ លូ អញ្ជើញចូលរួមពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦
AKP បាត់ដំបង ថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល ដែលពិធីនេះធ្វើឡើងនៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងបីក្នុងខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ត្រូវជំរុញការកៀរគរអតីតពលករខ្មែរមកពីប្រទេសថៃ ប្រជាពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈដើម្បីមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ងាយស្រួលរកការងារ និងមានប្រាក់ចំណូលសមរម្យ។ បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងមានតម្រូវការទីផ្សារការងារខ្ពស់លើផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាឱកាសមួយសម្រាប់យុវជនគួរចាប់យកការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិត ត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយគាំទ្រជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្រារព្ធទិវាជាតិលើកទី៩ នាថ្ងៃនេះ នឹងជួយជំរុញបន្ថែមឱ្យ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងខេត្តបាត់ដំបង» ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ដែល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យទទួលបានការចុះឈ្មោះចូលរៀនពីសំណាក់យុវជន សិស្ស និស្សិត បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ។

សូមជម្រាបថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានរាជរដ្ឋាភិបាលកំណត់យកជាទិវាជាតិនៅឆ្នាំ២០១៧ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយជំរុញលើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស៕


ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





