ស្រុកថ្មពួកប្រែមុខមាត់ថ្មី! បើកយុទ្ធនាការសម្អាតទីរួមស្រុក ក្រោមពាក្យស្លោក៖«ផ្ទះស្អាត មនុស្សស្អាត សុខភាពល្អ»
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--«បរិស្ថានស្អាត គឺជាមូលដ្ឋានគ្រឹះនៃសុខភាពល្អ និងជាមុខមាត់នៃសោភ័ណភាពស្រុកកំណើតរបស់យើង។ បើផ្ទះយើងស្អាត ខ្លួនយើងស្អាត នោះសុខភាពយើងនឹងល្អ ហើយសង្គមយើងនឹងមានភាពស្រស់បំព្រង»។ នេះជាការបញ្ជាក់យ៉ាងមុតមាំរបស់លោក រ័ត្ន ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកថ្មពួក ក្នុងយុទ្ធនាការដ៏ធំមួយដើម្បីលើកកម្ពស់សោភ័ណភាព និងអនាម័យក្នុងស្រុក។

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមបរិយាកាសដ៏មមាញឹក និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកថ្មពួក រួមជាមួយលោក យង់ យឺន ប្រធានក្រុមប្រឹក្សាស្រុកបានដឹកនាំកម្លាំងសរុបចំនួន ២០០នាក់ រៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ និងសម្អាតបរិស្ថានយ៉ាងផុសផុលនៅទូទាំងទីរួមស្រុកថ្មពួក។

កម្លាំងចម្រុះដែលបានចូលរួមក្នុងយុទ្ធនាការនេះ រួមមាន៖សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, កងកម្លាំងទាំងបីប្រភេទ, មន្ត្រីរាជការជុំវិញស្រុក, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស, យុវជន, ក្រុមប្រឹក្សាឃុំ និងមេភូមិ។ ការចូលរួមយ៉ាងច្រើនកុះករនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងការរួមគ្នាថែរក្សាបរិស្ថាន។

ថ្លែងក្នុងឱកាសនោះ លោក រ័ត្ន ដាស៊ីណង់ បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះមិនមែនធ្វើឡើងត្រឹមតែជាពិធីការនោះទេ ប៉ុន្តែជាការដាស់តឿនស្មារតីដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យយល់ដឹងពីតម្លៃនៃអនាម័យ។ លោកបានលើកឡើងយ៉ាងស៊ីជម្រៅថា ការសម្អាតបរិស្ថានមិនអាចសម្រេចទៅបានដោយបុគ្គលណាម្នាក់នោះទេ វាទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។ ខ្ញុំចង់ឃើញស្រុកថ្មពួករបស់យើងក្លាយជាតំបន់គំរូមួយដែលមានបរិស្ថានស្អាត សួនច្បារស្អាត និងគ្មានសំរាម។ នៅពេលបរិស្ថានជុំវិញខ្លួនយើងស្អាត វានឹងជួយកាត់បន្ថយជំងឺដង្កាត់ផ្សេងៗ ហើយឆ្លុះបញ្ចាំងពីសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។

យុទ្ធនាការនេះ បានដាក់ចេញនូវសារនយោបាយយ៉ាងខ្លីតែខ្លឹម«សម្អាតអនាម័យ បរិស្ថាន ផ្ទះស្អាត មនុស្សស្អាត សុខភាពល្អ យើងរួមគ្នាជួយសម្អាតបរិស្ថានស្រុកយើងទាំងអស់គ្នា»។ គោលដៅសំខាន់គឺការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ ឱ្យចាប់ផ្តើមពីការសម្អាតមុខផ្ទះខ្លួនឯង បន្តទៅការថែរក្សាសាធារណៈ ដើម្បីធានាបាននូវសុខុមាលភាពសហគមន៍ទាំងមូល។

ជាមួយគ្នានោះ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណដល់កងកម្លាំង និងអ្នកចូលរួមទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងយុទ្ធនាការដ៏មានសារសំខាន់នេះ ហើយលោកបានប្តេជ្ញាថា រដ្ឋបាលស្រុកថ្មពួកនឹងបន្តជំរុញសកម្មភាពនេះឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកឱ្យកាន់តែប្រសើរឡើង៕
ដោយ ឈុន សារ៉ាត





