លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាពី សមាគមឧកញ៉ាកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦–លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាពី សមាគមឧកញ៉ាកម្ពុជា។


ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីនឹករលឹករបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា រួមទាំងប្រសាសន៍សួរសុខទុក្ខនិងថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់ សមាគមឧកញ៉ាកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ សមាជិកគ្រប់ៗរូបរបស់ សមាគមឧកញ៉ាកម្ពុជា ដែលបានបរិច្ចាគថវិកាចំនួន ១,០០៩,៩៩៩ (មួយលានប្រាំបួនពាន់ប្រាំបួនរយកៅសិបប្រាំបួន) ដុល្លារសហរដ្ឋអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ។ លោកជំទាវបណ្ឌិត មានប្រសាសន៍បន្តថា ការចូលរួមបរិច្ចាគនេះ គឺជាបង្ហាញនូវទឹកចិត្តមនុស្សធម៌ ចិត្តសប្បុរសធម៌ ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរបស់វិស័យឯកជន ក៏ដូចជាសប្បុរសជនទាំងអស់ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលជួបការលំបាក។

បន្ថែមពីនេះ លោកជំទាវបណ្ឌិត សូមអំពាវនាវឱ្យសប្បុរសជនទាំងអស់បន្តចូលរួមបរិច្ចាគជូន កាកបាទក្រហមកម្ពុជា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋទីទ័លក្រលំបាក រួមទាំងជនរងគ្រោះផ្សេងៗ និងជនងាយរងគ្រោះ ឱ្យមានជីវភាពល្អប្រសើរឡើង។


គួររំលឹកផងដែរថា កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ លើកស្ទួយជីវិត សុខុមាលភាពប្រជាជន ផ្អែកតាមគោលការណ៍គ្រឹះទាំង៧ រួមមាន មនុស្សធម៌ អព្យាក្រឹត្យ មិនលម្អៀង ឯករាជ្យភាព ស្ម័គ្រចិត្ត ឯកភាព និងសាកលភាព។ សមិទ្ធផលដែលសម្រេចបានកន្លងមកនេះគឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយកាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា បានជួយសង្គ្រោះ និងផ្តល់អំណោយធនធាន ជាថវិកា ជាសម្ភារៈប្រើប្រាស់ ជាគ្រឿងឧបភោគបរិភោគ ជូនដល់ជាង ១០ម៉ឺន គ្រួសារ ដែលជាជនក្រីក្រ គ្រួសារវីរកងទ័ព ជនភៀសសឹក អ្នករងរបួស និងប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ៕
ដោយ៖ គង់ សិរីរ័ត្ន





