មន្ត្រីជំនាញកសិកម្ម និងគ្រប់គ្រងគ្រោះមហន្តរាយជំរុញការវាយតម្លៃ ការខូចខាតដោយទឹកជំនន់ និងរៀបចំផែនការស្តារវិស័យកសិកម្មនៅបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការវាយតម្លៃផលប៉ះពាល់ និងការខូចខាតដោយទឹកជំនន់ក្នុងវិស័យកសិកម្មឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីធានាថា ការផ្តល់ជំនួយ និងការស្តារឡើងវិញអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ។

ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ ព្រមទាំងរៀបចំផែនការឆ្លើយតបក្នុងវិស័យកសិកម្ម កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកអូរជ្រៅ និងសាលាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អគ្គលេខាធិការរង គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គន់ គីម អនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពី ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និង លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោកស្រី អន ស៊ីថា ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីជំនាញបានចូលរួមពិភាក្សា និងសហការជាមួយអភិបាលរងស្រុក អាជ្ញាធរឃុំ ក្រុមប្រឹក្សាឃុំ មន្ត្រីកសិកម្មឃុំ និងភាគីពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន និងពិនិត្យស្ថានភាពផលប៉ះពាល់នៅមូលដ្ឋាន។
ឯកឧត្តម តូច ប៊ុនហួរ បានផ្តោតសំខាន់លើការវាយតម្លៃផលប៉ះពាល់ និងការខូចខាតឱ្យមានភាពត្រឹមត្រូវ មានមូលដ្ឋានច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បាន ដោយត្រូវចុះពិនិត្យជាក់ស្តែងនៅតាមមូលដ្ឋាន និងប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ។ ការវាយតម្លៃត្រឹមត្រូវ គឺជាមូលដ្ឋានសំខាន់សម្រាប់រៀបចំផែនការជួយសង្គ្រោះ ស្តារ និងស្តារឡើងវិញនូវផលិតកម្មកសិកម្មរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់។
ឯកឧត្តមបានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់កំណត់ឱ្យបានច្បាស់ថា តើកសិករណាខ្លះដែលរងការខូចខាតពិតប្រាកដ ទំហំផ្ទៃដី និងប្រភេទដំណាំដែលរងផលប៉ះពាល់ ព្រមទាំងកម្រិតនៃការខូចខាត ដើម្បីធានាថា ការជ្រើសរើសអ្នកទទួលជំនួយប្រព្រឹត្តទៅដោយត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី បានលើកឡើងពីសារៈសំខាន់នៃការសហការរវាងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរវាងអាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្ម និងមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យ ផលប៉ះពាល់ពីទឹកជំនន់។
ឯកឧត្តមបានគូសបញ្ជាក់ថា ការឆ្លើយតបចំពោះគ្រោះមហន្តរាយ មិនគួរបញ្ចប់ត្រឹមការផ្តល់ជំនួយបន្ទាន់នោះទេ ប៉ុន្តែត្រូវគិតគូរដល់ដំណាក់កាលស្តារជីវភាព និងផលិតកម្មរបស់ប្រជាពលរដ្ឋឡើងវិញ ជាពិសេសប្រជាកសិករ ដែលការរស់នៅ និងប្រាក់ចំណូលពឹងផ្អែកយ៉ាងសំខាន់លើផលិតកម្មកសិកម្ម។

តាមរយៈកិច្ចប្រជុំនេះ អាជ្ញាធរ និងមន្ត្រីជំនាញបានផ្តោតលើការកំណត់ទីតាំងដែលមានសក្តានុពលសម្រាប់ការស្តារផលិតកម្មឡើងវិញ បន្ទាប់ពីទឹកស្រក ដោយត្រូវពិនិត្យលក្ខខណ្ឌដី ស្ថានភាពទឹក និងលទ្ធភាពផលិតកម្ម ដើម្បីឱ្យការផ្តល់ធាតុចូលកសិកម្មមានភាពសមស្រប និងអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព។
ជាពិសេស ក្រុមការងារបានពិភាក្សាអំពីការរៀបចំសំណើសុំ គ្រាប់ពូជស្រូវ គ្រាប់ពូជបន្លែ និងស្បៀង ដើម្បីត្រៀមឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ការរៀបចំធាតុចូលទាំងនេះ ត្រូវផ្អែកលើទិន្នន័យនៃការខូចខាត និងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន ដើម្បីជៀសវាងការផ្តល់ជំនួយមិនត្រូវគោលដៅ។
កិច្ចប្រជុំនេះក៏បានណែនាំអំពីនីតិវិធីនៃការវាយតម្លៃផលប៉ះពាល់ និងការខូចខាត ព្រមទាំងលក្ខខណ្ឌក្នុងការជ្រើសរើសកសិករដែលរងការខូចខាតដំណាំ ដោយផ្តល់សារៈសំខាន់ដល់ការចុះពិនិត្យ និងផ្ទៀងផ្ទាត់ជាក់ស្តែងនៅមូលដ្ឋាន។

ការរៀបចំផែនការឆ្លើយតបជាមុន និងការវាយតម្លៃខូចខាតប្រកបដោយភាពត្រឹមត្រូវ ត្រូវបានចាត់ទុកថាជាជំហានសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងជួយឱ្យប្រជាកសិករអាចវិលត្រឡប់ទៅរកការផលិតឡើងវិញបានឆាប់រហ័ស បន្ទាប់ពីស្ថានភាពទឹកជំនន់បានធូរស្រាល។
ជាមួយនឹងការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ការងារនេះនឹងជួយឱ្យខេត្តបន្ទាយមានជ័យ មានទិន្នន័យច្បាស់លាស់សម្រាប់ធ្វើជាមូលដ្ឋានក្នុងការស្នើសុំ និងចាត់ចែងជំនួយ ព្រមទាំងរៀបចំវិធានការស្តារវិស័យកសិកម្មឱ្យស្របតាមស្ថានភាពជាក់ស្តែង ដោយផ្តោតលើការស្តារជីវភាព និងផលិតកម្មរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕
ដោយ ឈុន សារ៉ាត





