សហរដ្ឋអាមេរិកបានផ្ដល់ជំនួយឥតសំណងចំនួន២៥ម៉ឺនដុល្លារ ដើម្បីបន្តគម្រោងជួសជុលប្រាសាទភ្នំបាខែង
AKP សៀមរាប ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់ជំនួយនូវទំហំទឹកចំនួន២៥ម៉ឺនដុល្លារ សម្រាប់បន្តដំណើរការនៃគម្រោងជួសជុលប្រាសាទបុរាណភ្នំបាខែង នៅឆ្នាំខាងមុខទៀត។
ការប្រកាសផ្ដល់ជំនួយនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ របស់គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក(ICC-Angkor /Sambor Prei Kuk) នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ជំនួយដែលសហរដ្ឋអាមេរិកផ្ដល់សម្រាប់បន្តគម្រោងជួសជុលប្រាសាទភ្នំបាខែង នាពេលនេះ គឺមានលក្ខណៈពិសេសដោយធ្វើឡើងនៅចំគម្រប់ខួប២៥០ឆ្នាំ នៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមរិក។ ជំនួយនេះជានិមិត្តរូបនៃចំណងមិត្តភាពរវាងកម្ពុជា-សហរដ្ឋអាមេរិករយៈពេល៧៥ឆ្នាំផង ទាក់ទងនឹងបុណ្យឯករាជ្យជាតិអាមេរិក២៥០ឆ្នាំផង និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការវប្បធម៌ និងបេតិកភណ្ឌ រវាងកម្ពុជា-អាមេរិករយៈពេល២៥ឆ្នាំផង។

លោកជំទាវបានបញ្ជាក់ថា ជំនួយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា រយៈពេល២៥ឆ្នាំមកនេះ មានតាំងពីការរៀបចំបញ្ជីសារពើភណ្ឌវត្ថុបុរាណ ការបណ្ដុះបណ្ដាលផ្នែកវប្បធម៌ ព្រមទាំងការអភិរក្សជួសជុលប្រាសាទបុរាណជាដើម។
អ្នកស្រី Katherine M. Diop អនុប្រធានស្តីទីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ថា ជំនួយនេះ គឺជានិមិត្តរូបនៃភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ក្នុងរយៈ ២៥ ឆ្នាំមកនេះ កម្មវិធី ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំភ្នំពេញ សម្រាប់ការអភិរក្ស (AFCP) បានចូលរួមចំណែកការពារទ្រព្យសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ តាមរយៈការរួមបញ្ចូល គ្នារវាងការច្នៃប្រឌិតរបស់អាមេរិក និងជំនាញបច្ចេកទេសក្នុងស្រុក យើងនឹងធានាបានថា ទីតាំងប្រវត្តិសាស្ត្រនានា ដូចជាប្រាសាទភ្នំបាខែងនេះ នឹងត្រូវថែរក្សាបានគង់វង្សទុកសម្រាប់អ្នកបន្តជំនាន់ក្រោយៗទៀត»។

អង្គការមូលនិធិប្រាសាទពិភពលោក (WMF) បានបំពេញការងារយ៉ាងសកម្មជាបន្តបន្ទាប់នៅក្នុងរមណីយដ្ឋានបុរាណវិទ្យាអង្គរ ចាប់តាំងពីឆ្នាំ១៩៨៩ មក។ នេះបង្ហាញឱ្យឃើញពីភាពជាអ្នកដឹកនាំ ឧត្តមភាព និងកិច្ចសហប្រតិបត្តិការ អស់រយៈពេលជាច្រើនទសវត្សរ៍របស់សហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រង និងថែរក្សាវប្បធម៌ អន្តរជាតិ។ ជំនួយឥតសំណងមួយនេះ ក៏រួមចំណែកអបអរសាទរនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺការគាំទ្រក្រោមកម្មវិធី AFCP ជាង២ទសវត្សរ៍របស់សហរដ្ឋអាមេរិក ផ្តោតសំខាន់លើប្រាសាទភ្នំបាខែង។

ចាប់តាំងពីឆ្នាំ២០០១នោះមក រដ្ឋាភិបាលសហរដ្ឋអាមេរិកបានគាំទ្រកម្ពុជាសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា ដែលមានទឹកប្រាក់សរុបជាង៦លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងជំនួយជាទឹកប្រាក់ទាំងនោះ បានជួយទៅលើផ្នែកអភិរក្សវប្បធម៌ប្រមាណជាង៤លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ចំនួនជិត៤លានដុល្លារ សម្រាប់ការជួសជុល និងអភិរក្សប្រាសាទភ្នំបាខែង និងថវិកាប្រមាណជាង៨០ម៉ឺនដុល្លារសម្រាប់អភិរក្សប្រាសាទព្រះវិហារ៕
ដោយ ឃុត សៅ





