អតីតយុទ្ធជន និងនិវត្តជនចំនួន ៣គ្រួសារ ទទួលបានផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
AKP ភ្នំពេញ ថ្ងៃ០៩ ខែមិថុនា ឆ្នាំ២០២៦ --
ផ្ទះចំនួន ៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកងមាស ប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជនចំនួន ៣គ្រួសារ ស្ថិតនៅស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះ។

គ្រួសារទាំង៣ របស់អតីតយុទ្ធជន និងនិវត្តជនដែលទទួលផ្ទះនាពេលនេះ រួមមាន លោក បឹង សន អាយុ ៦៥ឆ្នាំ លោក កេត លីម អាយុ ៦៧ឆ្នាំ និងលោកស្រី លីម សុខបួយ អាយុ ៧២ឆ្នាំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់អំណោយជាផ្ទះដល់អតីតយុទ្ធជន និងនិវត្តជននៅស្រុកកងមាស ខេត្តកំពង់ចាមនាពេលនេះ ដែលឆ្លុះបញ្ចាំងពីការគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ព្រមទាំងជាសក្ខីភាពនៃការតបស្នងសងគុណ និងផ្ដល់នូវភាពកក់ក្ដៅជូនចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលធ្លាប់បានលះបង់អស់កម្លាំងកាយចិត្តដើម្បីសុខសន្តិភាពនៃជាតិមាតុភូមិ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី សូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បន្តជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្នុងការដោះស្រាយជម្លោះព្រំដែនតាមផ្លូវច្បាប់អន្តរជាតិ និងដោយសន្តិវិធី ដោយរក្សាជំហរយ៉ាងមុតមាំគោរពអធិបតេយ្យរបស់ប្រទេសជិតខាង ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតនូវការគំរាមកំហែង ឬការប៉ុនប៉ងរំលោភឈ្លានពានណាមួយឡើយ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)





