ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៦០គ្រួសារ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម គុជ លីណា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងសរុបចំនួន១៦០គ្រួសារ មកពី ១០ភូមិ ក្នុងឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅវត្តសំរោងប្រាសាទតាអាន។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកអ្នកណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានេះ ឯកឧត្តមបានសម្ដែងការសោកស្ដាយចំពោះការជន់លិចទីលំនៅ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ជាមួយគ្នានោះ ក្រុមការងារក៏បានផ្សព្វផ្សាយនូវសារអប់រំមួយចំនួនស្ដីពីគ្រឿងញៀន អនាម័យ ចរាចរណ៍ផ្លូវគោក គ្រោះថ្នាក់ធម្មជាតិ ក្មេងទំនើង។ល។ សម្ភារសម្រាប់មួយគ្រួសារមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួនផងដែរ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





