រដ្ឋមន្ត្រីក្រសួងអប់រំ ធ្វើទស្សនកិច្ចនៅសមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE)
AKP ភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញបំពេញទស្សនកិច្ចនៅសមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) ក្នុងគោលបំណងឈ្វេងយល់បន្ថែមអំពីសកម្មភាព កម្មវិធីបណ្ដុះបណ្ដាល និងគំនិតផ្ដួចផ្ដើមនានាក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំផ្នែកចម្អិនម្ហូបអាហារ ភេសជ្ជៈ និងការអភិវឌ្ឍធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារឧបទេសទំនើបៗនៅក្នុងវិទ្យាស្ថាន ដែលជាកន្លែងអនុវត្តន៍ជាក់ស្ដែងសម្រាប់សិស្ស-និស្សិត ស្របតាមទស្សនាទាន «ការសិក្សាបែបអនុវត្តន៍ផ្ទាល់រួមផ្សំទ្រឹស្ដី» ក្នុងវិស័យចម្អិនម្ហូបអាហារ និងភេសជ្ជៈ ដែលរួមមាន ផ្ទះបាយកម្រិតស្តង់ដារឧស្សាហកម្ម បន្ទប់បង្ហាញការចម្អិនអាហារ និងបារីស្តាបារ។

បន្ទាប់ពីបានស្ដាប់ការធ្វើបទបង្ហាញយ៉ាងលម្អិតអំពីប្រវត្តិ បេសកកម្ម និងទិសដៅយុទ្ធសាស្ត្ររបស់សមាគមវិទ្យាស្ថានរួចមក តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់សមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស PIE ដែលស្ដែងឱ្យឃើញនូវចក្ខុវិស័យច្បាស់លាស់ ផ្អែកលើការច្នៃប្រឌិត វិន័យ និងការលះបង់ខ្ពស់ក្នុងវិស័យបដិសណ្ឋារកិច្ច ជំនាញចម្អិនម្ហូបអាហារ ឧស្សាហកម្មអាហារ និងភេសជ្ជៈ ដើម្បីធានាបាននូវការបណ្ដុះបណ្ដាលដែលមានគុណភាព និងអាចអនុវត្តន៍បានជាក់ស្ដែងនៅទីផ្សារការងារ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការពង្រឹងគុណភាពលើជំនាញចម្អិនអាហារ និងសេវាកម្មនៅទីនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ និងជាកាតាលីករមិនអាចខ្វះបាន ក្នុងការគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពនៃវិស័យទេសចរណ៍ជាតិ តាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ និងមានភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





