ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា៖ កងទ័ពត្រូវលះបង់គ្រប់យ៉ាងក្នុងបុព្វហតុជាតិមាតុភូមិ និងប្រជាជន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ -- ក្នុងពិធីផ្សព្វផ្សាយសភាពការណ៏ជាតិ អន្តរជាតិ និងពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក នាព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរង នាយការិយាល័យទី៥ កងទ័ពជើងគោក បានគូសបញ្ជាក់ថា កងកម្លាំងយើងទាំងអស់ត្រូវមានស្មារតី និងឆន្ទៈមោះមុតស្រឡាញ់ទឹកដី ស្រឡាញ់ជាតិមាតុភូមិ ការពារឱ្យបាននូវអធិបតេយ្យភាព ដោយមិនឱ្យខ្មាំងសត្រូវរំលោភបំពាននៅគ្រប់ទម្រង់នៃការឈ្លានពានបានឡើយ និងជានិច្ចកាលធានាកម្លាំង សម្ភារៈគ្រឿងបំពាក់ មធ្យោបាយ ដើម្បីត្រៀមអនុវត្តមុឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់លើ ពេលមានសភាពការណ៍ចាំបាច់។

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានផ្សព្វផ្សាយ អប់រំចិត្តសាស្ត្រពីសភាពការណ៍ថ្មីៗផ្ទៃក្នុងប្រទេស សភាពការណ៍ផ្ទៃក្នុងតំបន់ ពិសេសផ្សព្វផ្សាយពីសភាពការណ៍ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលភាគីថៃនៅតែបន្តបំពានមកលើកម្ពុជាឥតឈប់ឈរ និងបានផ្សព្វផ្សាយពីគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាបីតាស្ថាបនិកនៃសន្តិភាពដល់នាយទាហាន នាយទាហានរង និងពលទាហាន យល់ដឹងកាន់តែច្បាស់ពីតម្លៃសន្តិភាព ពីតួនាទី ភារកិច្ច និងលើកទឹកចិត្តយោធិនគ្រប់រូបត្រូវហ៊ានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងភារកិច្ចការពារជាតិ ការពារបូរណៈភាពទឹកដីមិនឱ្យខ្មាំងសត្រូវណាមកឈ្លានពានលើដឹកដីយើងបានជាដាច់ខាត។

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានបន្ថែមទៀតថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅធានាការអភិវឌ្ឍន៍ប្រកបទៅដោយថាមពល ភាពធន់ និងចីរភាព៕
ដោយ៖ សំ សាម៉ន (ប្រភព៖ កងទ័ពជើងនៃខេមរ:ភូមិន្ទ)





