សហគមន៍នគរភាសស្រុកអង្គរជុំ ទទួលបានអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត
AKP សៀមរាប ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦--អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ជាជំនួយរបស់អង្គការសហព័ន្ធជាតិ នៃសមាគមយូណេស្កូជប៉ុន ស្ថិតក្នុងភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្ត សៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
អគារមជ្ឈមណ្ឌលសិក្សានេះនិងក្លាយជាទីតាំងបណ្តុះបណ្តាល និងផ្តល់ចំណេះ ដឹងដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងមូលដ្ឋាន ខណៈអាជ្ញាធរខេត្តសៀមរាប បានគូសបញ្ជាក់យ៉ាងច្បាស់អំពីតម្លៃនៃចំណេះដឹង ដោយចាត់ទុកថា ចំណេះ ដឹង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប។

លោក នង វុត្ថា តំណាងម្ចាស់ជំនួយ និងជានាយកប្រចាំកម្ពុជានៃអង្គការយូណេស្កូជប៉ុន បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប នាពេលកន្លងមក អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន បានបង្កើតមជ្ឈមណ្ឌលសិក្សាសហគមន៍ និងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតចំនួន ២៣កន្លែង រួមមាន មជ្ឈមណ្ឌលសិក្សាសហគមន៍ចំនួន១៣ និងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតចំនួន១០។

ចំពោះការប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍ឱ្យទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត គឺដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍។ មជ្ឈមណ្ឌលនេះនឹងក្លាយជាកន្លែងផ្តល់ការអប់រំទូលំទូលាយ បណ្តុះបណ្តាលជំនាញឌីជីថល (ICT) និងដោះស្រាយបញ្ហារួមក្នុងសហគមន៍សម្រាប់គ្រប់វ័យ។

លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា សកម្ម ភាពរបស់អង្គការជប៉ុននេះ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយអត្រាអនក្ខរកម្ម និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ សកម្មភាពរយៈពេលវែងរបស់អង្គការឯកជន ដូចជាសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជប៉ុន និងកម្ពុជា។ តាមរយៈដំណើរសិក្សា រៀបចំដោយ សហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ដែលមានសិស្សានុសិស្សវិទ្យាល័យជប៉ុន មកលេងតំបន់នេះ ជារៀងរាល់ឆ្នាំធ្វើឱ្យមានការយោគយល់គ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ។ មិនតែប៉ុណ្ណោះសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន គាំទ្រដល់ការជួសជុលនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ផងដែរ។

ក្នុងឱកាសនោះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ចំណេះដឹង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ហើយចំណេះដឹងមានប្រភពមកពីកន្លែងផ្សេងៗគ្នា មានទាំងការសិក្សាជាមួយគ្រូ ឬនៅសាលា និងបានមកពីការ ធ្វើស្វ័យសិក្សា ឬការ សិក្សាស្រាវជ្រាវដោយខ្លួនឯងព្រមទាំងបានមកពីបទពិសោធន៍ក្នុងជីវិតផងដែរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធាន មនុស្ស ជាពិសេសស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដែលផ្ដោតលើការពង្រឹងគុ ណភាពអប់រំ និងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាឌីជីថល ដែលជាកត្តាគន្លឹះនាំកម្ពុជាទៅសម្រេចចក្ខុវិស័យរបស់រាជ រដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកអភិបាលរងខេត្ត ក៏បានលើកទឹក ចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្ស ឱ្យខិតខំប្រឹងប្រែងទាំងការសិក្សាពីសាលា និងការស្វ័យសិក្សា ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើន ឆ្លើយតបទៅនឹងចតុស្ដម្ភទាំងបួនរបស់វិស័យអប់រំជាតិ ត្រូវបញ្ចេញសមត្ថភាពបង្រៀន និងអប់រំសិស្សឱ្យបានល្អក្នុងប្រព័ន្ធ ការអប់រំក្រៅប្រព័ន្ធ និងការអប់រំមិនផ្លូវការ។ លោកក៏សូមអំពាវនាវដល់អង្គការដៃគូនានា ពិសេសអង្គការសហព័ន្ធជាតិនៃសមាគ មយូណេស្កូជប៉ុន បន្តជំរុញអភិវឌ្ឍវិស័យនានាក្នុងខេត្ត រួមវិស័យសង្គមកិច្ច សុខាភិបាល និងវិស័យអប់រំ ឱ្យមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត ស្រប តាម គោលនយោបាយរបស់រាជរដ្ឋា ភិបាល។
សូមបញ្ជាក់ថា អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតនគរភាស មានបណ្តោយ ១៥ម៉ែត្រ ទទឹង ៨ម៉ែត្រ មាន៣បន្ទប់ មានបន្ទប់អនាម័យ២ រួមទាំងបំពាក់គ្រឿងសង្ហារឹម បរិក្ខារថាមពលអគ្គិសនី ម៉ាស៊ីនបន្សុទ្ធទឹកសុទ្ធ និងថវិកាសម្រាប់ប្រតិបត្តិការព្រមទាំងទុនវិនិយោគគម្រោងកម្មវិធី ដែលសរុបជាថវិកាចំនួន ១ម៉ឺនដុល្លារ។ សមិទ្ធផលនេះ កើតចេញឡើងក្រោមការឧបត្ថម្ភគាំទ្រពីអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ក្រោមកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀម រាប និងរដ្ឋបាលស្រុកអង្គរជុំ៕
ដោយ ៖ឃុត សៅ





