ខេត្តបន្ទាយមានជ័យផ្ដល់អាវុធគំនិតដល់យុវជន ស.ស.យ.ក. ក្រុងសិរីសោភ័ណក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពង្រឹងច្បាប់ចរាចរណ៍
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ — អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបង្កើនការយល់ដឹង និងផ្ដល់ «អាវុធគំនិត» ដល់ស្រទាប់យុវជន ដើម្បីរួមគ្នាកសាងសង្គមមួយដែលគ្មានគ្រឿងញៀន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការបើកយុទ្ធនាការផ្សព្វផ្សាយយ៉ាងស៊ីជម្រៅមួយ។
ការរំលេចឡើងនូវសារដាស់តឿន និងការតម្រង់ទិសនេះ បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយស្តីពី «ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក» ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាព លោក យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះរៀបចំឡើងនៅបរិវេណវត្តចមសុទ្ធាវាស (ហៅវត្តស្វាយចាស) ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដោយមានការចូលរួមសម្របសម្រួលពីលោក សំបាន់ ដាណែល ប្រធាន ស.ស.យ.ក. ក្រុងសិរីសោភ័ណ ព្រមទាំងលេខាធិការដ្ឋាន អនុប្រធាន សមាជិក-សមាជិកា ស.ស.យ.ក. សង្កាត់/ក្រុង ក្នុងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងរដ្ឋបាលសង្កាត់ទាំង៧។

មានប្រសាសន៍ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោក យឹម សំណាង បានសង្កត់ធ្ងន់ថា គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមធំៗដែលកំពុងគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងន័យនេះ លោកអភិបាលរងខេត្តបានដៅចំបំណងសំខាន់ៗនៃយុទ្ធនាការអប់រំនេះ រួមមានការលើកកម្ពស់ចំណេះដឹង និងការយល់ដឹងឱ្យបានត្រឹមត្រូវ និងស៊ីជម្រៅអំពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃគ្រឿងញៀន ដែលមិនត្រឹមតែបំផ្លាញសុខភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរងផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងស្ថិរភាពសង្គមជាតិទាំងមូល។ បង្កើន និងពង្រឹងជំនាញដល់យុវជនក្នុងការចេះបដិសេធចំពោះគ្រឿងញៀន និងចេះការពារខ្លួនឱ្យផុតពីឥទ្ធិពលនៃការអូសទាញ ឬការចែកចាយនានា។ ជំរុញ និងបង្កើនការចូលរួមយ៉ាងសកម្មពីសំណាក់យុវជនក្នុងការទប់ស្កាត់ និងការរាយការណ៍អំពីសកម្មភាពចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋានមកសមត្ថកិច្ច ដើម្បីចាត់វិធានការទាន់ពេលវេលា។ លើកទឹកចិត្តឱ្យយុវជនក្លាយជាកម្លាំងចលករនាំមុខក្នុងការអប់រំ ផ្សព្វផ្សាយ និងគាំទ្រគ្នាទៅវិញទៅមក សំដៅបង្កើតឱ្យបាននូវសង្គមមួយដែលរស់នៅដោយគ្មានគ្រឿងញៀន និងក្លាយជាកម្លាំងស្នូលដ៏រឹងមាំក្នុងការអភិវឌ្ឍជាតិ។ ពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ទាំងសាលារៀន អង្គការយុវជន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីអប់រំនេះឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងការដាស់តឿនពីបញ្ហាគ្រឿងញៀន លោកអភិបាលរងខេត្តក៏បានបញ្ចូលនូវខ្លឹមសារអប់រំយ៉ាងម៉ឺងម៉ាត់ ដោយបញ្ជ្រាបចំណេះដឹងយ៉ាងក្បោះក្បាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនយុវជនទាំងអស់ឱ្យយល់ដឹងកាន់តែច្បាស់ ក្នុងគោលបំណងពង្រឹងការគោរពច្បាប់ ដើរទន្ទឹមគ្នានឹងការលើកកម្ពស់វប្បធម៌ការបើកបរប្រកបដោយការទទួលខុសត្រូវ និងអធ្យាស្រ័យខ្ពស់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងការបាត់បង់ជីវិតនៅលើដងផ្លូវ។

តាមរយៈយុទ្ធនាការនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យសង្ឃឹមយ៉ាងមុតមាំថា យុវជន ស.ស.យ.ក. ក្រុងសិរីសោភ័ណនឹងយកចំណេះដឹងដែលទទួលបានពីពិធីផ្សព្វផ្សាយនេះទៅធ្វើការបន្តចែករំលែក និងធ្វើជាគំរូដ៏ល្អនៅក្នុងសហគមន៍ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើង៕
ដោយ៖ ឈុន សារ៉ាត





