ពិធីបញ្ចុះបឋមសីលាកសាងសាលាធម្មសភានិងប្រគល់ប្រកាសនីយបត្រ មហាឧបាសកមហាឧបាសិកា នៅវត្តសានគរ
AKP កំពង់ធំ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងនិងជាសមាជិកគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងសវនកម្មបានអញ្ជើញក្នុងពិធីបញ្ចុះបឋមសីលាកសាងសាលាធម្មសភានិងប្រគល់ប្រកាសនីយបត្រ មហាឧបាសក មហាឧបាសិកានៅវត្តសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម សុភា នាយករងទីចាត់ការការងារព្រំដែនអគ្គបញ្ជារដ្ឋាននៃក្រសួងការពារជាតិ ឯកឧត្តម តាន់ សុវិជ្ជា ទីប្រឹក្សាក្រសួងមហាផ្ទៃ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ លោក គី សាវុធថាអភិបាលរងស្រុកកំពង់ស្វាយ ព្រះគ្រូជោតិមុនីញ្ញាណ ឡាំ សុខឃី ព្រះចៅអធិការវត្តសានគរ ក្រុមការងារឃុំ/ភូមិ ឧបាសកឧបាសិកា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៣០០នាក់។


ឯកឧត្តម ជាម ប៉េអា បានគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃដ៏មង្គលថ្លៃថ្លា ដែលយើងទាំងអស់គ្នាបានមកជួបជុំក្នុងពិធីបញ្ចុះបឋមសីលាកសាងសាលាធម្មសភា នៅវត្តសានគរ ព្រមទាំងពិធីប្រគល់ប្រកាសនីយបត្រ ជូនមហាឧបាសក និងមហាឧបាសិកា ដែលជាពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លា និងបានលះបង់កម្លាំងកាយ កម្លាំងចិត្តនិងធនធាន ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា។សាលាធម្មសភា មិនត្រឹមតែជាសំណង់រឹងមាំប៉ុណ្ណោះទេ មានការជួបជុំធ្វើបុណ្យ និងការបណ្តុះគុណធម៌ដល់យុវជននិងពុទ្ធបរិស័ទគ្រប់ជំនាន់។ ការកសាងសមិទ្ធផលនេះគឺជាការបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃសម្រាប់សង្គម និងកូនចៅជំនាន់ក្រោយ។


ឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងសវនកម្ម÷ដើម្បីឱ្យសាលាធម្មសភានេះ ក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីព្រលឹងរបស់សហគមន៍យើងពិតប្រាកដ សូមអំពាវនាវនិងទទូចពីដួងចិត្ត ដល់លោកយាយ លោកតា និងបងប្អូនទាំងអស់រួមគ្នា÷១.រួមគ្នាថែរក្សាដោយសេចក្តីស្រឡាញ់ សូមអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត រួមគ្នារៀបចំមើលថែសាលាធម្មសភានេះ ឱ្យប្រៀបដូចជាផ្ទះទីពីររបស់យើង។ រក្សាភាពស្អាត សណ្តាប់ធ្នាប់ និងបរិស្ថានបៃតង ដើម្បីឱ្យទីនេះក្លាយជាកន្លែងដែលផ្តល់ភាពត្រជាក់ត្រជុំដល់អ្នកដែលបានឈានជើងចូលមក។ ២. ប្រែក្លាយទីនេះជាសាលាលត់ដំព្រលឹងយុវជន សូមព្រះតេជគុណ ព្រះចៅអធិការ និងថ្នាក់ដឹកនាំវត្ត ជួយរៀបចំជាកម្មវិធីអប់រំផ្លូវចិត្ត ទេសនា និងបង្រៀនធម៌វិន័យឱ្យបានញឹកញាប់ ដើម្បីទាញយកបេះដូងក្មួយៗយុវជន ឱ្យមកស្តាប់ មកយល់ និងមកទទួលយកសេចក្តីសុខផ្លូវចិត្ត ជៀសវាងការដើរខុសផ្លូវ។ ៣. ចងស្ពានរវាងសាលារៀន និងវត្តអារាម សូមលោកគ្រូ អ្នកគ្រូ នៅតាមសាលារៀនទាំងអស់ក្នុងឃុំ ជួយដឹកនាំសិស្សានុសិស្សឱ្យមកស្គាល់វត្ត មកស្តាប់ឱវាទដើម្បីឱ្យពួកគាត់ក្លាយជាទំពាំងដែលមានទាំង ចំណេះដឹង និងចំណេះធ្វើប្រកបដោយសីលធម៌។ ៤. រក្សាភាពបរិសុទ្ធនៃទីអារាម សូមអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាធានាថាទីអារាមនេះគឺជាកន្លែងដ៏បរិសុទ្ធពិតប្រាកដ ជាតំបន់គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសង និងគ្មានក្មេងទំនើង ដើម្បីស្របតាមគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព៕
ដោយ ស៊ុម វណ្ណា





