គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យចំនួន២៩នាក់
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦--កម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើក ប្រតិបត្តិការបង្ក្រាបករណី បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងទីតាំងអាគារមួយខ្នង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដឹកនាំដោយ លោក មីន កុម្ភះ អភិបាល រង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលពីអយការអមសាលាដំបូងខេត្តព្រះសីហនុ ។

នៅក្នុងកិច្ចប្រតិបត្តិការកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួម មាន៖
-កុំព្យូទ័រលើតុចំនួន ៤៤គ្រឿង
-ទូរសព្ទដៃចំនួន ២១៣គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងប្រតិបត្តិការបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២៩នាក់ ស្រី ២នាក់ ក្នុងនោះមានជាជនជាតិឥណ្ឌាចំនួន ១៣នាក់ ជនជាតិនេប៉ាល់ ១១នាក់ (ស្រី២)នាក់ និងជនជាតិបង់ក្លាដេស ចំនួន ៥នាក់។ 
បច្ចុប្បន្នជនសង្ស័យទាំង ២៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន ។
សូមរម្លឹកថា កាលពីថ្ងៃទី ២៣ និង២៤ ខែឧសភា ២០២៦កន្លងមកនេះ គណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក៏បានធ្វើការស្រាវជ្រាវ បង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួនពីរទីតាំងផ្សេងគ្នា ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជាង ១០០នាក់ ៕

ដោយ ៖ងូ សុមុនី





