ឯកអគ្គរដ្ឋទូតចិន៖ ជំនួយរបស់ភាគីចិននឹងនៅតែបន្ត ដរាបណាប្រជាពលរដ្ឋភៀសសឹកមិនទាន់បានវិលត្រឡប់ទៅផ្ទះវិញ!
AKP ភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦–ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងគូសបញ្ជាក់យ៉ាងជ្រាលជ្រៅថា៖ «នេះជាលើកទីពីរហើយដែលខ្ញុំបានមកដល់ខេត្តព្រះវិហារ ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក។ កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ខ្ញុំបាទតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា បានមកសួរសុខទុក្ខ និងបានផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលខេត្តព្រះវិហារម្តងរួចមកហើយ»

ឯកឧត្តមបានបន្ថែមថា ៖ «រយៈពេលជិតមួយឆ្នាំកន្លងផុតទៅ ថ្ងៃនេះខ្ញុំបានត្រឡប់មកកាន់ខេត្តព្រះវិហារម្តងទៀត ជាមួយនឹងអំណោយឧបត្ថម្ភប្រកបដោយទឹកចិត្ត ដើម្បីបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ភាគីចិនតែងតែឈរនៅក្បែរ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋភៀសសឹកជានិច្ច។ យើងនឹងបន្តផ្តល់ការគាំទ្រគ្រប់លទ្ធភាព ដើម្បីចូលរួមកែលម្អ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូន។ ដរាបណាបងប្អូនមិនទាន់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញទេ ជំនួយរបស់ភាគីចិននឹងនៅតែបន្ត!»៕




ដោយ៖ គង់ សិរីរ័ត្ន





