រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៥
AKP កំពង់ស្ពឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ --
ឯកឧត្តម អោ វណ្ណថេន សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ (លើកទី១៩ ឆ្នាំ២០២៥) ត្រូវបានប្រារព្ធឡើងយ៉ាងទូលំទូលាយទូទាំងប្រទេសក្រោមប្រធានបទ៖ «យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» ។

ទិវានេះមានគោលបំណងពង្រឹងការប្រឆាំងនឹងទាសភាពសម័យទំនើប និងល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសកម្មភាពសំខាន់ៗនៃយុទ្ធនាការនេះ រួមមាន÷ការអនុវត្តន៍ច្បាប់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានបង្កើនការស្រាវជ្រាវ និងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់-ការផ្សព្វផ្សាយអប់រំការរៀបចំវេទិកា និងពិធីអបអរសាទរនៅតាមរដ្ឋបាលខេត្ត-ក្រុង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ-កិច្ចសហប្រតិបត្តិការ ការចូលរួមពីវិស័យឯកជន សហគមន៍ និងស្ថាប័នសាសនា ដើម្បីទប់ស្កាត់រាល់សកម្មភាពឆបោក និងកេងប្រវ័ញ្ច។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី គា សុភូ អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធ បាន បង្កើតជាយន្តការខេត្តដ៏រឹងមាំ និងប្រកបដោយសក្តានុពលក្នុង ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេបានខិតខំ ប្រឹងប្រែងចូលរួម គាំទ្រ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងវិស័យឯកជន ដើម្បីឆ្ពោះទៅកាន់គោលដៅរួម និងរិះរកគ្រប់ មធ្យោបាយ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាប ព្រមទាំងផ្តល់កិច្ចការពារ ជនរងគ្រោះ ទាំងស្ត្រី បុរស និងកុមារ ព្រមទាំងបានចូលរួមដោះស្រាយ បញ្ហាប្រឈមជាច្រើនរបស់ប្រជាពលរដ្ឋតាមសហគមន៍ និងសហគមន៍ដែលមានភាពរងគ្រោះ និងមានជនទេសន្តរប្រវេសន៍ដែលគ្មានសុវត្តិភាព។

លោកស្រីបានបន្តទៀតថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុង ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទរួមទាំង ការប្រយុទ្ធប្រឆាំងភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន, អំពើជួញដូរមនុស្ស, ការជួញដូរពលកម្ម, អាជីវកម្មផ្លូវភេទ, ការប្រយុទ្ធប្រឆាំងសកម្មភាព ពាក់ព័ន្ធនឹងការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ព្រមទាំងការបន្តពង្រឹងការអនុវត្តន៍ “គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ជាពិសេសបានបន្ត ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាមិនអាចខ្វះបានធ្វើឱ្យការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច សង្គមកិច្ច ការសាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងការ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានការរីកចម្រើនយ៉ាង ឆាប់រហ័ស៕
ដោយ ម៉ែន ប៊ុនធីម





