ឯកឧត្តម អ៊ុ រាត្រី៖ «វត្តអារាមមិនមែនត្រឹមតែជាទីសក្ការៈទេ តែជាបណ្តុំអប់រំសីលធម៌ និងជាខែលការពារវប្បធម៌ខ្មែរ»
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២៦---អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រីបានសង្កត់ធ្ងន់ពីតួនាទីដ៏មានឥទ្ធិពលរបស់ទីវត្តអារាម ក្នុងការធ្វើជាមជ្ឈមណ្ឌលអប់រំចិត្តគំនិត បណ្តុះធនធានមនុស្ស និងជាខែលដ៏រឹងមាំក្នុងការការពារប្រពៃណីទំនៀមទម្លាប់ខ្មែរ មិនឱ្យបាត់បង់ទៅតាមឥទ្ធិពលសម័ យកាលនោះឡើយ។ 
ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ជូនព្រះគ្រូចៅអធិការវត្តធម្មសាមគ្គីពង្រ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមវត្តមានចូលរួមពីព្រះមេគណខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងកុះករ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានណែនាំ និងជំរុញឱ្យគ្រប់វត្តអារាមទាំងអស់ក្នុងខេត្ត បង្កើនការយកចិត្តទុកដាក់លើការកសាងបរិស្ថានបៃតង និងភាពអនាម័យ ដើម្បីទាក់ទាញ និងរក្សាតួនាទីជាទីកន្លែងដុសខាត់សីលធម៌ ចរិយាធម៌ និងសុជីវធម៌សម្រាប់សង្គមជាតិ។

ឯកឧត្តមបានថ្លែងអំណះអំណាងយ៉ាងស៊ីជម្រៅថាទីវត្តអារាម គឺជាកន្លែងបណ្តុះធនធានមនុស្សដ៏សំខាន់ ដែលពោរពេញដោយចំណេះដឹងទាំងផ្លូវ លោកនិងផ្លូវធម៌ រួមទាំងមនសិការជាតិ។ លើសពីនេះ ឱវាទព្រះពុទ្ធសាសនា គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការចូលរួមកាត់បន្ថយ និងលុបបំបាត់អំពើអកុសល អបាយមុខផ្សេងៗក្នុងសង្គម ដូចជាល្បែងស៊ីសង បញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាសាមគ្គីភាពជាធ្លុងមួយ ក្នុងការបន្តគោរព អនុវត្ត និងបង្កើនការចូលរួមថែរក្សា ការពារប្រពៃ ណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ ដែលជាមរតកបន្សល់ទុកពីដូនតាឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
ក្រៅពីការរំលេចពីតម្លៃវិស័យព្រះពុទ្ធសាសនា ឯកឧត្តម អ៊ុ រាត្រី ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះព្រះសង្ឃគ្រប់អង្គ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលតែងតែបង្ហាញការយល់ដឹងច្បាស់លាស់ និងចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមបានគូសបញ្ជាក់ថា ផ្លែផ្កានៃការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រដូចពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់ចេញពី «សុខសន្តិភាព» បានឡើយ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាថ្នាក់ដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យច្បាស់លាស់ ក្នុងការធានាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។

គួរបញ្ជាក់ថា ពិធីបុណ្យពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តធម្មសាមគ្គីពង្រនាឱកាសនេះ មិនត្រឹមតែជាការបង្ហាញពីការរីកចម្រើនខាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានចម្លង និងជាការរំលឹកឡើងវិញនូវស្មារតីរួមគ្នារបស់ប្រជា ពលរដ្ឋក្នុងការថែរក្សាឫសគល់វប្បធម៌ជាតិឱ្យកាន់តែរឹងមាំផងដែរ៕
ដោយ៖ឈុនសារ៉ាត





