«ដានឈាមប្រវត្តិសាស្ត្រ និងការឈឺចាប់ពីអតីតកាល»ដែលប្រជាជាតិខ្មែរមិនអាចបំភ្លេចបាន
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--«ការចងចាំមិនភ្លេចនូវដានឈាម និងការឈឺចាប់ពីអតីតកាល គឺដើម្បីរួមគ្នាការពារតម្លៃនៃសន្តិភាពដែលរកបានមកដោយលំបាកនេះឱ្យនៅគង់វង្សជារៀងរហូត និងមិនអនុញ្ញាតឱ្យរបបខ្មៅងងឹតនោះត្រឡប់មកវិញជាដាច់ខាត។នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

នាព្រឹកព្រលឹមស្រាងៗថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ផ្ទៃមេឃលើទឹកដីក្រុងសិរីសោភ័ណ ហាក់បង្កប់ដោយភាពស្ងប់ស្ងាត់ និងក្តុកក្តួល។ នៅវត្តសុភមង្គល ក្នុងសង្កាត់អូរអំបិល សំឡេងសូត្រធម៌បួងសួងរបស់ព្រះសង្ឃចំនួន ១០៨ អង្គ បានបន្លឺឡើងស្របពេលដែលផ្សែងធូបភាយហុយទៅលើអាកាស។ នេះមិនមែនជាពិធីបុណ្យធម្មតាឡើយ ប៉ុន្តែវាជាការប្រារព្ធខួបលើកទី៩ នៃ «ទិវាជាតិនៃការចងចាំ ២០ ឧសភា»ដែលជាថ្ងៃតំណាងឱ្យការឈឺចាប់បំផុតរបស់ប្រជាជាតិខ្មែរ។
ទីអារាមដ៏ពិសិដ្ឋដែលកំពុងរៀបចំពិធីរាប់បាត្រយ៉ាងមហោឡារិកនេះផ្ទាល់គឺជា«សាក្សីរស់ជាក់ស្តែង»នៃប្រវត្តិសាស្ត្រ។ កាលពីជិត ៥ទសវត្សរ៍មុន ទីនេះត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ មិនខុសពីហេដ្ឋារចនាសម្ព័ន្ធព្រះពុទ្ធសាសនា និងវប្បធម៌ទូទាំងប្រទេសឡើយ ក្រោមក្រញាំដៃនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩)។

ថ្នាក់ដឹកនាំខេត្ត ដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុរាត្រី រួមជាមួយ ឯកឧត្ដម ប្លែក វ៉ារីប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ តាជី យាយជី និងសិស្ស-និស្សិតរាប់រយនាក់ បានឈរឱនក្បាលគោរពវិញ្ញាណក្ខន្ធ ក្នុងទឹកមុខពោរពេញដោយក្តីរំជួលចិត្ត ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់ដោយអយុត្តិធម៌។

នៅក្នុងសុន្ទរកថាដ៏មានអត្ថន័យជ្រាលជ្រៅ និងម៉ឺងម៉ាត់ ឯកឧត្តម អ៊ុ រាត្រី បានដាស់តឿនស្មារតីកូនខ្មែរគ្រប់រូប កុំឱ្យភ្លេចនូវសោកនាដកម្មជូរចត់ដែលឆ្លងកាត់ ក្នុងភ្នក់ភ្លើងសង្គ្រាម ទឹកភ្នែក និងការកាប់សម្លាប់។ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។

ឯកឧត្តមអភិបាលខេត្តបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា។ ក្រោមការរំលេចរបស់ឯកឧត្តម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺជាគន្លឹះមាសក្នុងការរុញច្រានកម្ពុជាឱ្យដើរទៅមុខ តាមរយៈអាទិភាពគន្លឹះទាំង៥៖ មនុស្ស អភិវឌ្ឍធនធានមនុស្ស និងសមត្ថភាព។ផ្លូវតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ទឹក ធានាសន្តិសុខទឹកសម្រាប់ប្រើប្រាស់និងកសិកម្ម។ភ្លើង ផ្គត់ផ្គង់ថាមពលគ្របដណ្តប់និងមានស្ថិរភាព។បច្ចេកវិទ្យា ដើរឱ្យទាន់យុគសម័យឌីជីថល។ផ្អែកលើគ្រឹះដ៏រឹងមាំនេះ ទឹកដីខេត្តបន្ទាយមានជ័យ ដែលជាខេត្តភូមិភាគពាយព្យ កំពុងប្រែក្លាយខ្លួនពីសមរភូមិសង្រ្គាមចាស់ ទៅជាតំបន់សេដ្ឋកិច្ច និងសុខដុមរមនាយ៉ាងពិតប្រាកដ។

អត្ថន័យពិតប្រាកដនៃ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ឆ្នាំ២០២៦ នេះ នៅលើទឹកដីខេត្តបន្ទាយមានជ័យ មិនមែនត្រឹមតែជាការយំសោកអាឡោះអាល័យនោះទេ ប៉ុន្តែវាជាការដាស់តឿនឱ្យពលរដ្ឋខ្មែរគ្រប់រូប «ប្រែក្លាយការឈឺចាប់ឱ្យទៅជាកម្លាំងស្នេហាជាតិ»។
នៅក្នុងកាលៈទេសៈដែលប្រទេសជាតិអាចប្រឈមនឹងការឈ្លានពាន ឬការលាបពណ៌នានា ស្មារតីជាតិនិយមខ្ពស់ និងការរួមសាមគ្គីគ្នាជាធ្លុងមួយ គឺជាខែលការពារជាតិដ៏រឹងមាំបំផុត។ ការចូលរួមគាំទ្រផលិតផលខ្មែរ ការជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងការរក្សាសន្តិភាពផ្ទៃក្នុង គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូប ដើម្បីធានាថា «របបខ្មៅងងឹត» នឹងត្រូវកប់ទៅក្នុងប្រវត្តិសាស្ត្រជារៀងរហូត ហើយពន្លឺនៃវឌ្ឍនភាពនឹងបន្តបំភ្លឺដីទឹកខ្មែរជានិរន្តរ៍៕
ដោយ ឈុន សារ៉ាត





