សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នាំយកអង្ករវីតាមីនជូនមន្ទីរពេទ្យព្រះកុសុមៈ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦-- លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន រួមជាមួយសមាជិកា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បាននាំយកអំណោយជាអង្ករវីតាមីនចំនួន៣០០កេស ប្រគល់ជូនមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីចែកជូនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហ៊ុន សុគាំ នាយករងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាសមាគមនារីក្រសួងព័ត៌មាន ដែលបាននាំយកអំណោយមនុស្សធម៌ដ៏មានតម្លៃនេះ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ទោះបីជាអង្ករវីតាមីនទាំងនេះមិនទាន់អាចឆ្លើយតបនឹងតម្រូវការទាំងស្រុងរបស់អ្នកជំងឺក៏ដោយ ប៉ុន្តែវាអាចជួយសម្រួលដល់ការខ្វះខាតបានមួយកម្រិតក្នុងអំឡុងពេលសម្រាកព្យាបាល។ ជាមួយគ្នានេះ លោកជំទាវបានកោតសរសើរថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចពិនិត្យ និងព្យាបាលអ្នកជំងឺប្រកបដោយស្មារតីទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។

គួរបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តែងតែសហការធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា ដោយបានចុះជួយដល់មន្ទីរពេទ្យ មណ្ឌលកុមារកំព្រា មណ្ឌលជនមានពិការភាព និងមណ្ឌលអប់រំកែប្រែជាហូរហែ៕

ដោយ៖ ទូច វលក្ខណ៍ រូបថត៖ ឡុង ដេវីត





