នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីអនុព័ន្ធយោធាហ្វីលីពីន ដែលត្រូវចប់អាណត្តិ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរនាវីឯក លីអូ ឌីម៉ុក អនុព័ន្ធយោធាហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលរូបលោកត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតយោធានៅកម្ពុជានាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងជំនួបនោះ លោកវរនាវីឯក លីអូ ឌីម៉ុក បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការ ក៏ដូចជាថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលតែងតែបានបង្កលក្ខណៈផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ធ្វើឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។
លោកអនុព័ន្ធយោធាហ្វីលីពីន បានបញ្ជាក់ថា ក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន ហ្វីលីពីននឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកធ្វើឱ្យស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសភាពល្អប្រសើរឡើងវិញ ក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោកអនុព័ន្ធយោធាហ្វីលីពីន ដែលក្នុងអាណត្តិកន្លងមកបានខិតខំយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យមានការរីកចម្រើន ជាទ្វេភាគី ទាំងនៅក្នុងក្របខ័ណ្ឌអាស៊ាន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា។

ឯកឧត្តមអគ្គមេបញ្ជាការបានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសហ្វីលីពីន ជាប្រធានប្តូរវេនអាស៊ាន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មោះមុត បន្តបេសកកម្មពីប្រទេសម៉ាឡេស៊ី ដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាដល់កិច្ចព្រមព្រៀងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង រក្សាសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ឯកឧត្តមអគ្គមេបញ្ជាការក៏បានជម្រាបជូនអនុព័ន្ធយោធាថ្មីហ្វីលីពីន អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីភាគីទាំងពីរបានឯកភាពលើកិច្ចព្រមព្រៀងបទឈប់បាញ់ តែកម្ពុជានៅតែមានក្តីបារម្ភទៅលើភាពតានតឹងដែលនៅតែបន្តកើតមាន ដោយភាគីថៃទន្ទ្រានកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា ហើយងាយនឹងផ្ទុះអាវុធជាថ្មី។
ឯកឧត្តមបានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ៕
ដោយ សំ សាម៉ន





