ក្រុម U19 កម្ពុជា ត្រៀមជើងឯកអាស៊ាន ក្នុងពូល C ជាមួយក្រុមជើងឯក៥សម័យកាល អូស្ត្រាលី និងហ្វីលីពន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦--ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំត្រៀមចូលរួមប្រកួតជើងឯកអាស៊ានក្រោមអាយុ១៩ឆ្នាំ (ASEAN U-19 Boys’ Championship 2026) ចាប់ពីថ្ងៃទី០១-១៤ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី ខណៈក្រុមកម្ពុជាស្ថិតក្នុងពូល C ជាមួយក្រុមហ្វីលីពីន និងក្រុមអូស្ត្រាលី ដែលជាម្ចាស់ជើងឯក ៥សម័យកាល។

ក្រុមU19កម្ពុជា ស្ថិតក្រោមដឹកនាំពីគ្រូបង្គោល លោក Yoshida Yasuhiro អមដោយគ្រូជំនួយ លោក អ៊ុក សុធី និងលោក ឃុល ភីរម្យ ជាអ្នកចាត់ការក្រុម ព្រមទាំងក្រុមការងារគ្រូបង្វឹក៤រូបផ្សេងទៀត។ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ស្ថិតនៅក្នុងពូល C ជាមួយក្រុមជើងឯក៥សម័យកាល អូស្រ្តាលី និងហ្វីលីពីន។ ការប្រកួតនេះមាន១១ក្រុមចូលរួម ចែកជា៣ពូល ក្នុងនោះមាន១០ប្រទេសក្នុងតំបន់អាស៊ាន លើកលែងតែឡាវមិនបានចូលរួម បូកនឹងប្រទេសអូស្រ្តាលី។ សម្រាប់៣ប្រកួតរបស់កម្ពុជា នឹងត្រូវជួបប្រកួតបើកឆាកជាមួយក្រុម ហ្វីលីពីន មុនគេ នាថ្ងៃទី០៦ ខែមិថុនា និងប្រកួតទី២ ដែលជាប្រកួតចុងក្រោយក្នុងពូលត្រូវប៉ះក្រុមខ្លាំង អូស្រ្តាលី នាថ្ងៃទី០៩ ខែឧសភា ដោយ២ប្រកួតនេះនឹងធ្វើឡើងវេលាម៉ោង ២០:០០ ដូចគ្នា នៅកីឡដ្ឋាន Madya Stadium, North Sumatra នៃប្រទេសឥណ្ឌូណេស៊ី។

ក្នុងចំណោមការរៀបចំរបស់ AFF ចំនួន១៩លើក ចាប់តាំងពីឆ្នាំ២០០២មកកន្លងមក គឺក្រុមកម្ពុជាធ្លាប់ចូលរួម១៣លើក ដោយបានចូលរួមប្រកួតត្រឹមវគ្គជម្រុះក្នុងពូល (Group Stage) ប៉ុណ្ណោះ ដោយមិនធ្លាប់ឆ្លងផុតវគ្គចែកពូលនេះឡើយ។
គួរបញ្ជាក់ថា ការប្រកួតជើងឯកអាស៊ានយុវជនអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៦ ជាលើកទី២០ ដោយការប្រកួតយុវជនអន្តរជាតិប្រចាំឆ្នាំមួយនេះ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំនៃអាស៊ីអាគ្នេយ៍។ ក្រុមសរុបចំនួន១១នឹងលេងនៅក្នុងការប្រកួតនេះ ខណៈម្ចាស់ផ្ទះក្រុមឥណ្ឌូណេស៊ី ឆ្នាំ២០២៦ គឺជាក្រុមការពារតំណែងជើងឯក ឆ្នាំ២០២៤ ក្រោយពីបានយកឈ្នះថៃ ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្រុមឥណ្ឌូណេស៊ី ក៏ជាម្ចាស់ជើងឯក ២សម័យកាលដែរក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០២៤៕
ដោយ ហេង ណាលីន (រូបភាព៖ FFC)





