អង្គការ CI គាំទ្រការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍អេកូទេសចរណ៍សត្វទោចថ្ពាល់លឿងខាងជើង នៅឧទ្យានជាតិវើនសៃ-សៀមប៉ាង
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦---
ប្រភពពីអង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា អង្គការបានគាំទ្រការពង្រឹងផ្នែកអភិបាលកិច្ច ការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហ គមន៍អេកូទេសចរណ៍សត្វទោចថ្ពាល់លឿងខាងជើង នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលស្ថិតក្នុងខេត្តរ តនគិរី និងខេត្តស្ទឹងត្រែង ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៦ ។

ក្នុងក្របខណ្ឌនៃការគាំទ្រនេះ អង្គការ CI បានរៀបចំឡើងវិញនូវគណៈកម្មការអេកូទេសចរណ៍សហគមន៍ អភិវឌ្ឍរចនាស ម្ព័ន្ធគ្រប់គ្រង និងលក្ខន្តិក ដើម្បីលើកក ម្ពស់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការចូលរួមបរិយាបន្នពីសហគមន៍មូលដ្ឋាន។

លើសពីនេះ ការកែលម្អហេដ្ឋារចនាស ម្ព័ន្ធ និងបរិក្ខារសម្រាប់ភ្ញៀវទេសចរក៏ត្រូវបានអនុវត្តផងដែរ រួមមានការកែលម្អមជ្ឈមណ្ឌលព័ត៌មាន និងកន្លែងបោះជំរំ រួមមានការសាងសង់ និងជួសជុលស្ពាន ផ្លូវដើរ ការដាំដើមឈើ និងការរៀបចំតំបន់សម្រាកសម្រាប់ភ្ញៀវទេសចរជាដើម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមចំណែកដល់ការលើកកម្ពស់គុណភាពបទពិសោធន៍អេកូទេសចរណ៍សហគមន៍សត្វទោច គាំទ្រជីវភាពសហគមន៍ប្រកបដោយចីរភាព និងការជំរុញការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិក្នុងរយៈពេលវែង។

គម្រោង "ការលើកកម្ពស់ការអភិរក្សក្នុង ឧទ្យានជាតិវើនសៃ-សៀមប៉ាង តាមរយៈទេសចរណ៍ធម្មជាតិ" គាំទ្រដោយ TUI Care Foundation តាមរយៈ IUCN Save Our Species អនុវត្តដោយអង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) ៕
ដោយ៖ណយ នឿន ,ប្រភព៖CI





