ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ជួបពិភាក្សាជាមួយឯកឧត្តមឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦-- នៅទីស្នាក់ការអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារ ដើម្បីស្វែងយល់ពីស្ថានភាព និងការជំរុញទំនាក់ទំនងលើវិស័យសុខាភិបាលកម្ពុជា និងប្រទេសស្វីស ជាពិសេសប្រទេសសហគមន៍អឺរ៉ុប មុនដំណើរការមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

ជំនួបនេះបានពិនិត្យមើលការរៀបចំយុទ្ធសាស្ត្រ និងឯកសារសំខាន់ៗដែលគណៈប្រតិភូកម្ពុជានឹងលើកយកទៅពិភាក្សាក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩។ ភាគីទាំងពីរបានផ្តោតលើអាទិភាពជាតិ រួមមានការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពសកល (Universal Health Coverage) ការប្តេជ្ញាចិត្តលុបបំបាត់ជំងឺគ្រុនចាញ់ និងការអនុវត្តគំនិតផ្តួចផ្តើមសុខភាពតែមួយ (One Health) និងបញ្ហាសំខាន់ៗជាច្រើនទៀត។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញារបស់កម្ពុជាក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសុខភាពសកល ខណៈដែលឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីសារៈសំខាន់នៃទីក្រុងហ្សឺណែវ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសុខភាពរបស់កម្ពុជា។

ក្រសួងសុខាភិបាលកម្ពុជា និងទីស្នាក់ការតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នឹងបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





