ប្រធានថ្មីនៃសហព័ន្ធអន្តរជាតិប្រចាំទីក្រុងបាងកកអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ពុំ ចន្ទីនី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦-- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក អែលខាន់ រ៉ាហ៊ីម៉ូវ (Mr. Elkhan Rahimov) ប្រធានថ្មីនៃសហព័ន្ធអន្តរជាតិប្រចាំទីក្រុងបាងកក ដោយជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៦។
សូមជម្រាបថា សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ចាប់ផ្តើមនៅកម្ពុជា តាំងពីឆ្នាំ១៩៩១ រហូតដល់បច្ចុប្បន្ន បានជួយនិងសហការជាមួយកាកបាទក្រហមមកម្ពុជា លើកម្មវិធីនានា ពិសេសវិស័យអភិវឌ្ឍស្ថាប័ន និងការកសាងសមត្ថភាពរបស់សមាគមជាតិ និងអភិវឌ្ឍសាខា។ ទោះបីកាកបាទក្រហមកម្ពុជា បច្ចុប្បន្នមានលទ្ធភាពស្វែងរកមូលនិធិដោយខ្លួនឯង ដើម្បីទ្រទ្រង់បេសកកម្មមនុស្សធម៌ ប៉ុន្តែ កាកបាទក្រហមកម្ពុជានៅតែចងចាំកិច្ចសហការ និងការជួយឧបត្ថម្ភទាំងធនធានមនុស្ស ធនធានថវិកា និងបច្ចេកទេស របស់ IFRC នាពេលកន្លងមក រហូតដល់បច្ចុប្បន្ន។ ទោះបីជា IFRC បានបិទការិយាល័យជាផ្លូវការនៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២១ ប៉ុន្តែនៅតែបន្តកិច្ចសហប្រតិបត្តិការ និងការងារសម្របសម្រួល តាមរយៈប្រធានគណៈប្រតិភូទទួលបន្ទុកកម្រងប្រទេស (កម្ពុជា ឡាវ ថៃ និង វៀតណាម) ដែលមានការិយាល័យនៅទីក្រុងបាងកក។


ប្រធានថ្មីនៃសហព័ន្ធអន្តរជាតិបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៦នេះ IFRC និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជាលើការងារ ការការពារជំងឺរាតត្បាតជាសកល (Pandemic Preparedness) ការចាប់ផ្តើមអនុវត្តកម្មវិធីប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា (Early Warnings for All) សហការជាមួយភ្នាក់ងារអង្កការសហប្រជាតិ UNDP ដែលមានរយៈពេល៥ឆ្នាំ នៅខេត្តគោលដៅចំនួនបួន គឺខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ និងបន្ទាយមានជ័យ ដែលផ្តោតលើការងារពង្រឹងសមត្ថភាពសហគមងាយរងគ្រោះក្នុងការឆ្លើយតបនៅពេលដែលមានគ្រោះមហន្តរាយ តាមរយៈប្រព័ន្ឋប្រកាសឱ្យដឹងមុន ដែលសិក្ខាសាលាផ្តល់ធាតុចូលគ្រោងនឹងរៀបចំនៅ ថ្ងៃទី០២-០៣ ខែមិថុនា ឆ្នាំ២០២៦នៅខេត្តសៀមរាប។


កម្មវិធីកិច្ចសហប្រតិបត្តិការតាមរយៈកាកបាទក្រហមកម្ពុជា មានថវិកាសរុប USD 1,750,000.00។ ក្រៅពីនេះ IFRC នឹងបន្តកិច្ចសហការជាមួយកាកបាទក្រហមកម្ពុជា លើវិស័យសុខភាពសាធារណៈ ការអភិវឌ្ឍស្ថាប័ន និងវិស័យពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ៕
ដោយ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





