អង្គការ CI រៀបចំសិក្ខាសាលាស្តីអំពី «ការស្តារ និងការអភិរក្សទីជម្រកកាបូនខៀវតាមតំបន់ឆ្នេរសមុទ្រកម្ពុជា»
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦-- អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍បឋមស្តីអំពី «ការស្តារ និងការអភិរក្សទីជម្រកកាបូនខៀវតាមតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយវិភាគលើគោលនយោបាយ ហិរញ្ញប្បទាន និងកំណត់តួអង្គពាក់ព័ន្ធ» នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។
សិក្ខាសាលានេះបានបង្ហាញពីលទ្ធផលបឋមសំខាន់ៗ និងអនុសាសន៍នានា ព្រមទាំងបានផ្តល់នូវវេទិកាមួយសម្រាប់ការពិភាក្សាបន្ថែម ដើម្បីផ្តល់ជាព័ត៌មានសម្រាប់ការកំណត់អាទិភាពនានាក្នុងការរៀបចំផែនទីបង្ហាញផ្លូវកាបូនខៀវថ្នាក់ជាតិរបស់កម្ពុជា។ សិក្ខាសាលានេះមានការចូលរួមពីក្រសួងពាក់ព័ន្ធ រួមមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានឧត្តមសិក្សា វិស័យឯកជន និងសហគមន៍មូលដ្ឋានដែលមកពីតំបន់ឆ្នេរសរុប ៦២នាក់។ នៅក្នុងអំឡុងពេលសិក្ខាសាលានោះ ស្ថាប័នរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានាបានសម្តែងការស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះការវិភាគនេះ ព្រមទាំងបានចូលរួមក្នុងកិច្ចពិភាក្សាយ៉ាងផុសផុលលើអនុសាសន៍នានា ដែលបានជួយកំណត់សកម្មភាពអាទិភាពសម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ក្នុងការរៀបចំផែនទីបង្ហាញផ្លូវកាបូនខៀវថ្នាក់ជាតិ។


គួរជ្រាបថា ការវិភាគនេះត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ CI ក្នុងគោលបំណងវាយតម្លៃលើកាលានុវត្តភាពសម្រាប់ភាគីពាក់ព័ន្ធ ពិនិត្យមើលឡើងវិញនូវចន្លោះប្រហោង និងឱកាសផ្នែកគោលនយោបាយ និងច្បាប់ ព្រមទាំងពិនិត្យមើលលក្ខខណ្ឌអំណោយផលនានាសម្រាប់ហិរញ្ញប្បទានកាបូន និងហិរញ្ញប្បទានមិនមែនកាបូន ដើម្បីគាំទ្រដល់ការអភិរក្ស និងការស្តារនូវប្រព័ន្ធអេកូឡូស៊ីកាបូនខៀវតំបន់ឆ្នេររបស់ប្រទេសកម្ពុជា៕

ដោយ ណយ នឿន (ប្រភព៖ CI)





