បទយកការណ៍៖ ពលរដ្ឋរស់នៅលើភ្នំគូលេនកំពុងខិតខំដាំដំណាំវ៉ាន់នីឡា ដែលជាប្រភេទដំណាំមួយមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ
AKP សៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ -- ដំណាំវ៉ាន់នីឡា (Vanilla) គឺជាប្រភេទរុក្ខជាតិវល្លិក្នុងអម្បូរផ្កាអ័រគីដេ ដែលជាប្រភេទដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅលើពិភពលោក ហើយវាក៏ជារុក្ខជាតិដែលកម្រសម្រាប់ពិភពលោក ជាពិសេសសម្រាប់ប្រទេស កម្ពុជា ខណៈដែលកសិករខ្មែរ បាន និងកំពុងខិតខំប្រឹងប្រែងក្នុងការដាំដុះនូវដំណាំមួយប្រភេទនេះ។

ដោយមានជំនួយផ្នែកបច្ចេកទេសពីអង្គការ Agrisud ក្នុងការជួយណែនាំរបៀបដាំដុះ និងការថែទាំលើដំណាំ វ៉ាន់នីឡានេះ ដែលជាប្រភេទដំណាំផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រជាកសិករ និងអ្នកប្រើប្រាស់ក្នុងការទទួលបានតម្លៃខ្ពស់ និងមានទីផ្សារថែមទៀត។

លោក កែវ សុភក្ត្រ មន្ត្រីបច្ចេកទេសរបស់អង្គការ Agrisud ប្រចាំឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប (ភ្នំគូលេន) បានឱ្យដឹងថា ដំណាំវ៉ាន់នីឡា (Vanilla) គ្រប់ប្រភេទដែលបងប្អូនកសិករខ្មែរយើងកំពុងធ្វើការដាំដុះសព្វថ្ងៃនេះ គឺសុទ្ធតែនាំយកមកពីក្រៅប្រទេសទាំងអស់ ព្រោះនៅកម្ពុជា គ្មានឈ្មោះដំណាំវ៉ាន់នីឡា (Vanilla)នេះទេ ហើយចំពោះពូជវ៉ាន់នីឡា ដែលបងប្អូនប្រជាកសិករកំពុងដាំដុះនៅទីនេះមាន ៣ប្រភេទផ្សេងគ្នា រួមមាន ពូជ TAHI TI, ពូជ PLANI FOLIA និងពូជ POM PONA។ លោកបានបន្ដថា ចំពោះអត្ថប្រយោជន៍នៃវ៉ាន់នីឡា លោក កែវ សុភក្ត្រ បានបញ្ជាក់ឱ្យដឹងថា ដំណាំវ៉ាន់នីឡា នេះ គេយកវាទៅធ្វើជាមេទឹកអប់ និងធ្វើជាមេក្លិនដើម្បីបង្កើនក្លិន និងរសជាតិទៅលើមុខម្អូបអាហារនៅតាមសណ្ឋាគារធំៗ ជាពិសេសប្រើជាមួយនឹងការ៉េមកីដើម្បីធ្វើឱ្យវាមានមានក្លិនក្រអូប និងរសជាតិឈ្ងុយឆ្ងាញ់គួរចង់ទទួលទាន ពោលគឺវ៉ាន់នីឡាមិនត្រឹមតែមានក្លិនក្រអូបឈ្ងុយឈ្ងប់ប៉ុណ្ណោះទេ ប៉ុន្តែវាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះវិស័យម្ហូបអាហារ រួមមាន ប្រើសម្រាប់បង្កើនក្លិន និងរសជាតិក្នុងបង្អែម ការ៉េម នំបុ័ង និងភេសជ្ជៈផ្សេងៗ។ លោក កែវ សុភក្ត្រ បានបន្ថែមថា ចំពោះវិស័យគ្រឿងសម្អាងវិញគេប្រើប្រាស់វាជាធាតុផ្សំក្នុងទឹកអប់ ឡេលាបខ្លួន និងសាប៊ូ ដោយសារក្លិនដ៏ទាក់ទាញ និងជួយឱ្យអារម្មណ៍ស្រស់ថ្លា។ រីឯចំពោះសុខភាពមនុស្សគឺវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយស្រ្តេស និងត្រូវបានគេប្រើក្នុងការព្យាបាលតាមបែបបុរាណដើម្បីកាត់បន្ថយការរលាក។

លោក កែវ សុភក្ត្រ ថា សម្រាប់ឃុំខ្នងភ្នំ ស្រុកស្វាយលើនេះ គឺមានការដាំដំណាំវ៉ាន់នីឡា ក្នុងជំហានសាកល្បងនៅពីរទីតាំង គឺភូមិសង្កែឡាក់មួយគ្រួសារ និងភូមិអន្លង់ធំមួយគ្រួសារ ដោយដំបូងឡើយគឺក្នុងឆ្នាំ២០២២ លោកបានដាក់ឱ្យដាំដំណាំប្រភេទនេះ តែ៦ជន្លង់ប៉ុណ្ណោះ តែបច្ចុប្បន្ន ពង្រីកបានរហូតដល់ជាង ៣០០ជន្លង់ សម្រាប់ភូមិសង្កែឡាក់។ ចំណែកនៅភូមិអន្លង់ធំដែលដំបូងឡើយដាក់ ៦ជន្លង់ដូចគ្នា តែបច្ចុប្បន្នពួកគាត់ពង្រីកបានជាង ៥០ជន្លង់។

ទាក់ទងនឹងការប្រមូលផលវិញលោក កែវ សុភក្ត្រ បានឱ្យដឹងទៀតថា សម្រាប់ភូមិសង្កែឡាក់ប្រមូលបានទិន្នផល ០.៥គីឡូក្រាម និងនៅភូមិអន្លង់ធំបាន ១.៥គីឡូក្រាម ដែលវាជាចំនួនតិចតួចនៅឡើយក្នុងគ្រាដំបូងនៃការប្រមូលផលនេះ។ តែទោះជាយ៉ាងណា ដោយសារតែវាជាដំណាំដែលមានតម្រូវការទីផ្សារខ្ពស់ តម្លៃរបស់វាអាចលក់បានថ្លៃ ដែលជួយបង្កើនចំណូលដល់កសិករបានយ៉ាងច្រើន។

មន្ត្រីបច្ចេកទេសរបស់អង្គការ Agrisud ប្រចាំនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបរូបនេះ ក៏បានអំពាវនាវដល់ពលរដ្ឋនៅទីនេះឱ្យចូលរួមដំណាំវ៉ាន់នីឡា ឱ្យបានច្រើនគ្រួសារតាមដែលអាចធ្វើទៅបាន ព្រោះយើងមានដៃគូរបស់សមាគមជាអ្នកចាំទទួលទិញមានដូចជាសណ្ឋាគារ និងអាហារដ្ឋានធំៗជាដើម ដោយក្នុង១គីឡូក្រាមអាចលក់បានក្នុងតម្លៃចាប់ពី ៤០០ដុល្លារ ទៅ ១ ០០០ ដុល្លារអាម៉េរិក ដែលនេះបើក្នុងករណីដែលយើងមានផ្លែធំល្អ និងសម្ងួតបានល្អ។

ទាក់ទងនឹងការដាំដំណាំវ៉ាន់នីឡានេះដែរ កសិករឈ្មោះ សំបូរ វណ្ណា ដែលជាអ្នកកំពុងប្រកបមុខរបរដាំដំណាំវ៉ាន់នីឡា នៅភូមិសង្កែឡាក់ បាននិយាយថា លោកពិតជារីករាយខ្លាំងណាស់នៅក្នុងការដាំដំណាំកម្រមួយប្រភេទ ដែលមានឈ្មោះថា ដំណាំវ៉ាន់នីឡានេះ ព្រោះលោកបានដឹងថា បើយើងមានអាចលក់បានថ្លៃនៅក្រោយការប្រមូលផល។ កសិកររូបនេះក៏បានឱ្យទៀតថា គ្រួសាររបស់លោកត្រូវបានអង្គការ Agrisud ដាក់ឱ្យដាំសាកល្បងនូវដំណាំមួយប្រភេទនេះ ដែលនាំពូជចូលមកពីប្រទេសបារាំង ដែលប្រទេសបារាំងជាប្រទេសត្រជាក់ ហើយយើងអាចសួរថាតើអាចដាំនៅ ស្រុកខ្មែរដែលជាប្រទេសមានអាកាសធាតុក្តៅបានដែរឬអត់ តែជាលទ្ធផលលោកអាចដាំនៅលើខ្នងភ្នំគូលេននេះបានដោយពុំចាំបាច់ប្រើស្បៃប្រក់ការពារកម្តៅថ្ងៃទេ ព្រោះនៅទីនេះមានដើមឈើធំៗផ្តល់ជាម្លប់គ្រប់គ្រាន់អាចឱ្យវ៉ាន់នីឡារស់ និងរីកលូតលាស់ធំធាត់បាន។ លោក សំបូរ វណ្ណា បានរម្លឹកពីការដាំដុះដំណាំវ៉ាន់នីឡានេះដោយលើកឡើថា កាលពីដំបូងឡើយពោលគឺកាលពីឆ្នាំ២០២២ អង្គការ Agrisud បានដាក់ឱ្យលោកដាំសាកល្បងចំនួន ៦ជន្លង់ ហើយដោយសារការដាំ អាចប្រព្រឹត្តទៅបានដោយគ្មានបញ្ហាអ្វីនោះបច្ចុប្បន្ននេះលោកបានបំបែកបានរហូតដល់ទៅជាង ៣០០ ជន្លង់។

បើតាមលោក សំបូរ វណ្ណា ដំណាំវ៉ាន់នីឡា បើប្រៀបធៀបទៅនឹងការដំណាំដាំម្រេចគឺ ការដាំវ៉ាន់នីឡាមានភាពងាយស្រួលជាង ព្រោះដំណាំមួយប្រភេទនេះគេមិនដាំវានៅក្នុងដីទេ គឺដាំវាជាមួយនឹងឈើពុក ឬស្រកីដូងជាដើម ហើយឱ្យវាតោងជាមួយបង្គោលឈើ ដោយយើងគ្រាន់តែដាក់ជីកំប៉ុស្តិ៍ និងស្រោចទឹកគឺជាការស្រេច ខណៈដែលនៅលើភ្នំគូលេននេះមានអាកាសធាតុ និងម្លប់ឈើធំៗត្រជាក់ល្មមអាចឱ្យវ៉ាន់នីឡារស់ និងធំធាត់បាន។
ក្នុងឱកាសនោះដែរ លោក កែវ សុភក្ត្រ បានគូសបញ្ជាក់បន្ថែមទៀតថា អំណឹះតទៅអង្គការ Agrisud នឹងជំរុញឱ្យកសិករនៅទីនេះ ពង្រីកនូវការដំណាំវ៉ាន់នីឡា (Vanilla) ឱ្យបានច្រើនគ្រួសារបន្ថែមទៀត ខណៈដែលដំណាំមួយប្រភេទ នេះមានតម្លៃខ្ពស់ និងមានទីផ្សារល្អណាស់៕
ដោយ៖ ចាន់ សុភឿន





