រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋធានីអាស្តាណា ចុះអនុស្សារណៈបង្កើតសម្ព័ន្ធមេត្រីភាពនិងកិច្ចសហប្រតិបត្តិការ៤ចំណុច ទទួលបានផលប្រយោជន៏រួមគ្នា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦--
នៅរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថានក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង ដំណើរបំពេញទស្សនកិច្ចផ្លូវការនិង ទស្សនកិច្ចការងារនៅ សាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហ្សេនីស កាស៊ីមប៊េក (ZHEN IS KASSYMBEK) អភិបាលនៃរដ្ឋធានីអាស្តាណា បានអញ្ជើញចូលរួម ក្នុងពិធីផ្លាស់ប្តូរ ឯកសារអនុស្សារណៈ យោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ។

បើយោងតាមសេចក្ដីរាយការណ៍ពី លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្ស រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ រាជធានីភ្នំពេញនិងរដ្ឋធានីអាស្តាណា បានព្រមព្រៀមចុះអនុស្សរណៈយោគយល់គ្នាដើម្បីបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ក្នុងគោលបំណងជំរុញការអភិវឌ្ឍចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗរួមមាន÷ ទី១.ការសម្របសម្រួលការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមកនិងប្រតិភូធុរកិច្ចនានា ដើម្បីធ្វើឱ្យរីកចម្រើននូវកិច្ចសហប្រតិបតិ្តការក្នុងវិស័យពាណិជ្ជកម្ម,សេដ្ឋកិច្ច, វិទ្យាសាស្រ្ត និងនវានុវត្តន៍,បញ្ញាសិប្បនិម្មិត,បច្ចេកវិទ្យាឌីជីថល,វប្បធម៌,កីឡា,ការដឹកជញ្ជូន,ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលមានប្រយោជន៍រួម។ ទី ២. ជំរុញការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍នៅក្នុងវិស័យគ្រប់គ្រងទីក្រុងជួយសម្រួលក្នុងការរៀបចំទស្សនកិច្ចរបស់ក្រុមអ្នកច្នៃប្រឌិត និងឥស្សរជនវប្បធម៌ក៏ដូចជាការរៀបចំពិព័រណ៍សិល្បៈ។ ទី ៣. ជំរុញការអភិវឌ្ឍន៍វិស័យសក្តានុពលថ្មីៗ និងទម្រង់នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយនវានុវត្តន៍ ដើម្បីលើកកម្ពស់សក្តានុពលរបស់រដ្ឋបាលទីក្រុងនិងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធាន។ ទី ៤. សិក្សាស្វែងយល់ពីលទ្ធភាពនៃការអភិវឌ្ឍន៍និងការអនុវត្តន៍គម្រោងរួមគ្នាដោយផ្អែកលើលក្ខខណ្ឌដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោកស្រីបានបញ្ជាក់ថា បន្ទាប់ពីពិធីប្តូរឯកសារអនុស្សរណៈយោគយល់គ្នានេះរួចមក ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានប្រគល់ជូននូវលិខិតអញ្ជើញឯកឧត្តម ហ្សេនីស កាស៊ីមប៊េក (ZHENIS KASSYMBEK) អភិបាលនៃរដ្ឋធានីអាស្តាណា ដើម្បីដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញនាពេលវេលាសមស្របណាមួយផងដែរ៕
ដោយ សួស សំរិត





