កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីកាហ្សាក់ស្ថាន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវត្តមានជាប្រវត្តិសាស្ត្ររបស់សម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋកាហ្សាក់ស្ថាន បន្ទាប់ពីដំណើរទស្សនកិច្ចក្នុងឆ្នាំ១៩៨២ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នាពេលនោះ។ ឯកឧត្តមបានបន្តថា ការបំពេញទស្សនកិច្ចផ្លូវការនាពេលនេះ នឹងក្លាយជារបត់ថ្មីក្នុងការកំណត់នូវមាគ៌ា នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឈានឆ្ពោះទៅកម្រិតខ្ពស់បន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការអញ្ជើញរសម្តេច មកបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន នាពេលនេះ។ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបំពេញទស្សនកិច្ចនេះ ដែលជាបង្កើតកាលានុវត្តភាពបន្ថែមទៀតដល់កម្ពុជា និងកាហ្សាក់ស្ថាន ក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។
ថ្នាក់ដឹកនាំទាំងពីរបានបន្តពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា សំដៅបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងវិស័យសក្កានុពល រួមមាន៖ នយោបាយ និងការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត, សន្តិសុខ, ក៏ដូចជាការតភ្ជាប់ប្រជាជននិងប្រជាជនតាមរយៈការផ្ដល់អាហារូបករណ៍ឱ្យគ្នាទៅវិញទៅមក, ការលើកកម្ពស់វិស័យទេសចរណ៍ និងពិនិត្យលទ្ធភាពក្នុងការបង្តើតកិច្ចព្រមព្រៀងអាកាសចរណ៍។ ក្នុងក្រខ័ណ្ឌតំបន់ និងអន្តរជាតិ, ថ្នាក់ដឹកនាំទាំងពីរប្ដេជ្ញានឹងបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី, សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីកាហ្សាក់ស្ថាន ក៏បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខា និងប្ដូរឯកសារ ចំនួន ៦ រួមមាន៖
១-អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋ កាហ្សាក់ស្ថាន និងរវាងក្រុមហ៊ុនភាគហ៊ុនរួម “បច្ចេកវិទ្យាព័ត៌មានជាតិ”ស្តីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ។
២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
៣-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
៤-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-កាហ្សាក់ស្ថាន រវាងក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងទេសចរណ៏ និងកីឡា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
៥-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌នឹងព័ត៌មាន នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ។
៦-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន៕

ដោយ៖ គង់ សិរីរ័ត្ន





