ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយរដ្ឋបាលខេត្តកែប រៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាល់ឌីជីថល
AKP កែប ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
យុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាល់ឌីជីថលបានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសេះសសាលាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងបានការចូលរួមពីសមាជិ សមាជិកា សរុប ៣០០នាក់។

លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប បានមានប្រសាសន៍ថា ការរៀបចំយុទ្ធនាការនេះ មានសារៈសំខាន់ក្នុងការផ្តល់នូវភាពច្បាស់លាស់ និងជំរុញការយល់ដឹងដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងខេត្ត ឱ្យយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការចុះឈ្មោះតាមប្រព័ន្ធឌីជីថល។
លោកបញ្ជាក់ អាជ្ញាធរខេត្ត នឹងបន្តសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើន ខណៈខេត្តកែបនៅមានចំនួនអ្នកចុះឈ្មោះនៅតិចនៅឡើយ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ាត់ សារី មានប្រសាសន៍ដែរថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល (CAM-IE) គឺជាគន្លងសំខាន់មួយ ក្នុងការចងក្រងទិន្នន័យ និងផ្តល់អត្តសញ្ញាណផ្លូវការ ដល់បងប្អូនដែលប្រកបអាជីវកម្មក្រៅប្រព័ន្ធ។ ការចុះឈ្មោះនេះ អនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត មិនគិតថ្លៃ និងមិនមានការបង្ខិតបង្ខំឡើយ រួមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ការចូលរួមបេឡាជាតិសន្តិសុខសង្គម ការទទួលបានសេវាហិរញ្ញវត្ថុ និងឱកាសបណ្តុះបណ្តាលជំនាញផងដែរ។
ឯកឧត្តមបន្ថែមថា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះសរុបចំនួន ៣៤៦,០៨៨នាក់ នៅទូទាំងប្រទេស ខណៈខេត្តកែបមានត្រឹម ៧៤៧នាក់ប៉ុណ្ណោះ ដែលនៅតែជាចំនួនទាប។ ដូចនេះ អំពាវនាវឱ្យបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចូលរួមចុះឈ្មោះឱ្យបានកាន់តែច្រើន ដើម្បីទទួលបានអត្ថប្រយជន៍ និងការគាំទ្រពីរាជរដ្ឋាភិបាល ក្នុងការកែលម្អជីវភាព និងពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើន៕
ដោយ AKP





