នាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ មេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី១៣ នៅខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦--នាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី១៣ នៅខេត្តសៀមរាប ដែលជាការជួបជុំដ៏មានសារៈសំខាន់សម្រាប់បណ្តាមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន ក្នុងការផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងគ្នាទៅវិញទៅមក ហើយនេះក៏ជាលើកទី២ដែរ ដែលព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

ថ្លែងបើកសន្និសីទនៅសណ្ឋាគារអេមព្រីសអង្គរ រីសត & ស្ប៉ា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្តាប្រតិភូយោធាអាស៊ាន ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ានលើកទី១៣ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែងអំពីការយកចិត្តទុកដាក់ ស្មារតីសាមគ្គីភាព មិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យវេជ្ជសាស្ត្រយោធានៅក្នុងតំបន់អាស៊ាន ខណៈដែលការរៀបចំសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី១៣នេះ បានផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទនៃការធានាការគំរាមកំហែងដោយសារធាតុគីមី ឬក៏អាវុធគីមី ដែលជាបញ្ហាប្រឈមសុខភាពសាធារណៈ ហើយប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វ និងបរិស្ថានដ៏ធ្ងន់ធ្ងរ ដែលជាអំពើដ៏អមនុស្សធម៌ ដែលយើងទាំងអស់គ្នាគួរតែមានវិធានការទប់ស្កាត់ និងអន្តរាគមន៍តាមគ្រប់រូបភាពជាលក្ខណៈជាតិ និងអន្តរជាតិ។

គួររំលឹកថា សន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ានបានបង្កើតឡើង និងលេចចេញជារូបរាង តាមគំនិតផ្តួចផ្តើមរបស់ភាគីវៀតណាម និងបណ្តាភាគីនៅក្នុងតំបន់អាស៊ាន ហើយកិច្ចប្រជុំលើកទី១ បានធ្វើឡើងកាលពីឆ្នាំ២០១១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ សន្និសីទនេះបង្កើតឡើងក្នុងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹង និងការលើកយកបញ្ហាដែលប្រឈមថ្មីៗជាសកល ដើម្បីយកមកសិក្សា ពិភាក្សា ស្វែងរកដំណោះស្រាយរួមគ្នា ហើយក៏ជាឱកាសមួយដែលបង្កើតឱ្យមានការជួបជុំរវាងមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន ក្នុងនាមជាថ្នាក់ដឹកនាំ ដើម្បីលើកទឹកចិត្តដល់នាយទាហានវ័យក្មេងផ្នែកវេជ្ជសាស្ត្រយោធា ដើម្បីបន្តរួមគ្នាយកចិត្តទុកដាក់ និងផ្តល់ជាគំនិតយោបល់ថ្មីៗបន្ថែមទៀត៕

ដោយ៖ ចាន់ សុភឿន





