បទយកការណ៍៖ ទិវាមច្ឆជាតិ ១ កក្កដា គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលរៀបចំឡើងដើម្បីបំផុសស្មារតីពលរដ្ឋឱ្យចូលរួមអភិរក្សធនធានជលផល
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦--ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥ លានក្បាលត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិនៅទូទាំងប្រទេស។ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី១ ខែកក្កដា គឺជា ទិវាមច្ឆជាតិ និងតែងតែប្រារព្ធជារៀងរាល់ឆ្នាំក្នុងរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្សធនធានជលផលដែលជាធនធានធម្មជាតិដ៏មានតម្លៃ និងដើម្បីឱ្យត្រីមេពូជទាំងឡាយបន្តពូជ ពងកូន និងរីកធំធាត់។

នៅឆ្នាំនេះទិវាមច្ឆជាតិ នឹងត្រូវប្រារព្ធធ្វើ នៅទន្លេវ៉ៃគោ ជាលើកទី២ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហើយដែលលើកទី១បានប្រព្រឹត្តទៅកាលពីឆ្នាំ២០១១ (ទិវាមច្ឆជាតិ លើកទី៩) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
ទិវាមច្ឆជាតិ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាពសំដៅបង្កើនផលស្តុកមច្ឆជាតិ ដើម្បីបំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុង ស្រុកប្រមាណ ៥ លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។
សម្រាប់ទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ ឆ្នាំ២០២៦នេះ ត្រីមេពូជ កូនត្រី និងវារីសត្វសរុប ២០ប្រភេទរួមមាន ត្រីគល់រាំង ត្រីរាជ ត្រីខ្ជឹង ត្រីដំរី ត្រីកាហែ ត្រីឆ្ពិន ត្រីគ្រំ ត្រីត្រសក់ ត្រីកន្ត្រប់ខ្លា ត្រីប្រា ត្រីពោ ត្រីក្រាញ់ ត្រីសណ្តាយ ត្រីអណ្តែង ត្រីព្រលូង កង្កែប បង្កង អន្ទង់ អណ្តើក កន្ធាយ សរុបប្រមាណ ១,៥ លានក្បាល នឹងត្រូវលែងចូលទៅក្នុងទន្លេវ៉ៃគោ ស្ថិតនៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុង ស្វយរៀង ខេត្តស្វាយរៀង។
អាងទន្លេវ៉ៃគោមានទំហំ ១ ៦៨៦ហិកតានៅរដូវវស្សា ដែលអាចស្តុកទឹកបាន ៣០លានម៉ែត្រគូប និងមានទំហំ ១ ៣៥០ហិកតានៅរដូវប្រាំង អាចស្តុកទឹកបាន ១៥លានម៉ែត្រគូប។ ទន្លេវ៉ៃគោនៅតែរក្សាបាននូវតួនាទីដ៏សំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើនេសាទ និងធ្វើស្រែចំការ។
តាមការស្រាវជ្រាវ នៅអំឡុងសតវត្សទី១២-១៣ អ្នកស្រុកហៅទន្លេនេះជាទន្លេវ៉ៃគោ ដោយហេតុថាអ្នកស្រុក និងឈ្មួញនៅតំបន់នេះធ្លាប់មានប្រវត្តិវ៉ៃសត្វគោ និងក្របីឱ្យឡើងលើទូក ឬសំពៅដើម្បីចម្លងទៅត្រើយម្ខាងទៀត។ កាលពីសម័យនោះប្រជាពលរដ្ឋរស់នៅតាមដងទន្លេនេះមានសកម្មភាពជួញដូរជាមួយឈ្មួញជនជាតិចិន និងអាណ្ណាម ដែលចេញចូលតាមទូក និងសំពៅ ដើម្បីដោះដូរ និងដឹកជញ្ជូនទំនិញផ្សេងៗ រួមទាំង សត្វគោ ក្របីផងដែរ។ ទន្លេនេះមានជម្រៅទឹកជ្រៅល្មម និងមានដៃតភ្ជាប់ទៅប៉ែកខាងក្រោម ដែលមានលក្ខណៈអំណោយផលខ្ពស់ សម្រាប់ធ្វើនេសាទ ធ្វើស្រែចំការ ធ្វើដំណើរ និងដឹកជញ្ជូនតាមផ្លូវទឹក។ ក្រោយមកទៀត អ្នកស្រុកក៏បានហៅទន្លេនេះថាជាទន្លេវ៉ៃកូវិញ។ ប៉ុន្តែ អនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ បានកំណត់យកឈ្មោះទន្លេនេះ ជាទន្លេវ៉ៃគោដដែល (បច្ចុប្បន្នប្រជាពលរដ្ឋខ្លះហៅទន្លេវ៉ៃកូ អ្នកខ្លះទៀតហៅទន្លេវ៉ៃគោ)។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី កាលពីឆ្នាំ២០២៥ ក្នុងទិវាមច្ឆាជាតិនៅខេត្តកំពង់ចាម បានបញ្ជាក់ពីការគាំទ្រចំពោះសកម្មភាពការងារដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល ប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ទិវាមច្ឆជាតិ ១ កក្កដា ឱ្យស្ថិតនៅក្នុងដួងចិត្តទាំងអស់គ្នា។
នៅពេលនោះ សម្តេចធិបតី បានផ្តល់នូវអនុសាសន៍ចំនួន ៥ចំណូច៖ ទី១ រដ្ឋបាលជលផលត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក និងព្រៃកោងកាងជាពិសេសការ អភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និងវារីសត្វងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ព្រមទាំងបន្តលែងកូនត្រី ត្រីមេពូជថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។ ទី២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវដឹកនាំ និងជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងបង្ក្រាបចលនាទន្ទ្រានកាន់កាប់ដីរដ្ឋ ជាពិសេសតំបន់ជុំវិញ បឹងទន្លេសាប ដែលជាជម្រកត្រីពងកូន ជម្រកត្រី និងជាកន្លែងស្វែងរកចំណី។ ទី៣ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញ។ ទី៤ រដ្ឋបាលជលផល (ពេលនេះជា អគ្គនាយកដ្ឋានជលផល) រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធ ត្រូវពង្រឹងសមត្ថភាពសហគមន៍ នេសាទក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលស្របតាមទិសស្លោក «សហគមន៍នេសាទ គ្មានបទល្មើសជលផល» និងត្រូវខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិនៅតាមបណ្តាសហគមន៍ ទាំងនោះជាពិសេសនៅតំបន់ដែលសម្បូរដោយមច្ឆជាតិ សត្វផ្សោត សត្វស្លាប ព្រៃលិចទឹក និងព្រៃកោងកាងដើម្បី គាំទ្រជីវភាពប្រជានេសាទ និងកាត់បន្ថយការពឹងផ្អែកទៅលើការនេសាទតែមួយមុខសម្រាប់ទ្រទ្រង់ជីវភាព។ ទី៥ លើកទឹកចិត្តឱ្យជំរុញវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និងសមុទ្រ ដោយលើកកម្ពស់ការស្រាវជ្រាវបច្ចេកទេសបង្កាត់-ភ្ញាស់វារីសត្វកម្រដែលប្រឈមនឹងការផុតពូជ ដើម្បីអភិរក្ស និងកូនត្រីពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដើម្បីលើកកម្ពស់ជីវភាពវារីវប្បករផង និងកាត់បន្ថយសម្ពាធមកលើធនធានជលផលធម្មជាតិផង។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក និងព្រៃកោងកាង ជាពិសេសការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និងវារីសត្វងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ព្រមទាំងបន្តលែងកូនត្រីត្រីមេពូជថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ឆ្នាំ២០២៥ កន្លងទៅ ផលជលផលទទួលបានសរុប ៩៧៨ ៥៦០តោន កើនឡើង ៥,៦ភាគរយ ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាប ៥១៤ ៨៣០តោន ផលនេសាទសមុទ្រ ១៤០ ១៦០តោន និងផលវារីវប្បកម្ម ៣២៣ ៥៧០តោន។ ការកើនឡើងនេះដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន។
បន្ថែមពីនេះ សមត្ថភាពភ្ញាស់ពូជត្រីគល់រាំងដែលជាត្រីតំណាងអត្តសញ្ញាណជាតិ និងមច្ឆជាតិសំខាន់ៗដទៃទៀត ដូចជាសមត្ថភាពកែច្នៃ និងនាំចេញផលិតផលជលផលទៅកាន់ប្រទេសចិន និងអូស្ត្រាលី ការជួយសង្គ្រោះត្រីមេពូជនៅកន្លែងអភិរក្សដែលរីងស្ងួតក្នុងរដូវប្រាំង ការសាងសង់ជណ្តើរត្រី ដើម្បីសម្រួលដល់ការផ្លាស់ទីរបស់ត្រី ការចូលរួមរបស់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋក្នុងចលនាលែងត្រីមេពូជ និងកំពុងរងគ្រោះថ្នាក់ទៅក្នុងធម្មជាតិវិញ សុទ្ធតែជាសកម្មភាពគួរឱ្យកោតសរសើរ និងបានរួមចំណែក យ៉ាងធំធេងក្នុងការធានាសន្តិសុខស្បៀង និងចីរភាពធនធានជលផល ព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ។
ជាភ័ព្វសំណាងណាស់ដែលប្រទេសកម្ពុជាសម្បូរត្រីនៅគ្រប់ទីកន្លែង ទីតាំងពីទន្លេ ព្រែក ស្ទឹង បឹង អាងទឹក ត្រពាំង រហូតដល់វាលទំនាប និងវាលស្រែទៀតផង ដូចដែលសុភាសិតខ្មែរពោលថា «ទីណាមានទឹក ទីនោះមានត្រី»។ ម្យ៉ាងទៀតត្រីគឺជាប្រភពអាហារដ៏ចម្បងមួយ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដែលកម្ពុជាចាំបាច់ត្រូវរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍន៍ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជាច្រើន ជាពិសេស សុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រាជរដ្ឋាភិបាលបន្តវេន ក្នុងការបង្កើនល្បឿនការអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត។
រាជរដ្ឋាភិបាលក៏នៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។ ជាក់ស្ដែង តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព វិស័យកសិកម្មកម្ពុជាបន្តរីកចម្រើន រឹងមាំ និងរួមចំណែកយ៉ាងសំខាន់ ដល់ការបន្ធូរបន្ថយផលប៉ះពាល់ជាអវិជ្ជមានលើសេដ្ឋកិច្ចកម្ពុជា ជាពិសេស ធានាសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ក៏ដោយ។
ជាមួយគ្នានេះ ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្ម និងដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាកសិករ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរួមមាន ការលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម បាននិងកំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ។ បច្ចុប្បន្ន មន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ ដែលបានឆ្លងកាត់ការប្រឡងជ្រើសរើសដោយតម្លាភាព និងយុត្តិធម៌ កាលពីចុងឆ្នាំ២០២៣ កំពុងបន្តការងារយ៉ាងសកម្មក្នុងមូលដ្ឋាន ដែលពួកគេទទួលខុសត្រូវ ហើយក្រសួងគ្រោងនឹងជ្រើសរើសថ្មីបន្ថែមទៀតផងដែរ។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ពុំ សុថា អគ្គនាយក នៃអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២៦នេះ បទល្មើសនេសាទនៅកម្ពុជា ត្រូវបានបង្ក្រាបបានជាង ១ ០០០ករណី ដែលចំនួននេះតិចជាងឆ្នាំ២០២៥ កន្លងទៅ។ ឯកឧត្តម បានបន្តថា ការថយចុះនៃបទល្មើសនេសាទ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ច កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺការចុះទៅផ្សព្វផ្សាយពីច្បាប់ស្ដីពីជលផលដល់ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ ពីតំបន់ដែលអាចនេសាទបាន ការប្រើប្រាស់ឧបករណ៍នេសាទតាមច្បាប់កំណត់ជាដើម ដែលនឹងរួមចំណែករក្សានិរន្តរភាពទិន្នផលត្រីសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។
ជារួម យើងជឿជាក់ថា ស្មារតីទិវាមច្ឆជាតិ១កក្កដា នឹងបន្តស្ថិតនៅក្នុងដួងចិត្តរបស់ជនរួមជាតិទាំងអស់គ្នា ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ និងជាពិសេសដើម្បីរក្សានិរន្តរភាពនៃផលស្តុកស្បៀងសម្រាប់ប្រជាជាតិយើង៕
ដោយ បាន ច័ន្ទតារារិទ្ធ





