លោក ដូណាល់ ត្រាំ ៖ លោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅឡើយទេ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃសៅរ៍ថាលោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ាដែលកំពុងរីករាលដាលនោះទេ។
លោក ត្រាំ បាននិយាយថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងណាមួយដែលអាចធ្វើទៅបាន «មិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ» ហើយលោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលកិច្ចព្រមព្រៀងមួយនឹងតម្រូវឱ្យមាននោះទេ។
លោកបានប្រាប់សារព័ត៌មាន NBC News ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា «អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀង ហើយខ្ញុំមិនចង់ធ្វើវាទេព្រោះលក្ខខណ្ឌមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ»។
លោកបានបន្ថែមថា ការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនទំនងជាសមាសធាតុសំខាន់មួយ។
លោក ត្រាំ ក៏បានសម្តែងការភ្ញាក់ផ្អើលចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសដទៃទៀត ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយលោកបានលើកឡើងអំពីការវាយប្រហាររបស់អាមេរិកលើកោះ Kharg ថាបាន «បំផ្លាញទាំងស្រុង»នូវមូលដ្ឋានយោធាភាគច្រើនរបស់កោះនេះ។ លោកបានបន្ថែមថា «យើងអាចនឹងវាយប្រហារវាពីរបីដងទៀតសម្រាប់តែការសប្បាយប៉ុណ្ណោះ»។
ដោយឡែកពីគ្នា នៅក្នុងការបង្ហោះមួយនៅលើគណនី Truth Social របស់លោក លោក ត្រាំ បានសរសេរថា «ប្រទេសជាច្រើន ជាពិសេសប្រទេសដែលរងផលប៉ះពាល់ដោយការប៉ុនប៉ងបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ នឹងបញ្ជូននាវាចម្បាំង រួមជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាច្រកសមុទ្រឱ្យបើកចំហ និងមានសុវត្ថិភាព»។
លោកបានដាក់ឈ្មោះប្រទេសចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ថាជាអ្នកចូលរួមដែលមានសក្តានុពល៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





