បេសកជនចិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីឈីលី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ -- លោក នី ហុង (Ni Hong) បេសកជនពិសេសរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីឈីលីនៅទីក្រុងវ៉ាល់ប៉ារ៉ៃស៊ី តាមការអញ្ជើញរបស់រដ្ឋាភិបាលឈីលី។
លោក នី ដែលជារដ្ឋមន្ត្រីក្រសួងលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ បានជួបគ្នានៅទីក្រុងសាន់ទីអាហ្គោ ជាមួយប្រធានាធិបតីជាប់ឆ្នោតឈីលី លោក ចូសេ អានតូញ៉ូ កាស (Jose Antonio Kast) និងប្រធានាធិបតីដែលជិតផុតអាណត្តិ លោក ហ្គាប្រែល បូរីក (Gabriel Boric)។
ក្នុងអំឡុងពេលជួបជាមួយលោក កាស លោក នី បានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅរបស់លោក ស៊ី ដោយនិយាយថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលថ្មីរបស់ប្រទេសឈីលី ដើម្បីបន្តមិត្តភាពប្រពៃណី និងលើកកម្ពស់ការអភិវឌ្ឍស៊ីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសចិន-ឈីលី។
លោក កាស បានថ្លែងអំណរគុណដល់លោក ស៊ី ដែលបានបញ្ជូនបេសកជនពិសេសម្នាក់មកចូលរួមពិធីស្បថចូលកាន់តំណែង ហើយបានស្នើសុំឱ្យលោក នី ពាំនាំនូវការសួរសុខទុក្ខដ៏ស្មោះស្ម័គ្រ និងបំណងប្រាថ្នាដ៏ល្អបំផុតរបស់លោកទៅកាន់លោក ស៊ី។ លោកបាននិយាយថា ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន និងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គឺជាគោលនយោបាយរដ្ឋរបស់ប្រទេសឈីលី ដោយលោកបានបន្ថែមថា រដ្ឋាភិបាលថ្មីនឹងបន្តប្រពៃណីការទូតនេះ។
លោក កាស បានបន្ថែមថា ប្រទេសឈីលីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យនានា រួមមាន ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍលំនៅឋាន សុខភាព និងការបង្ការ និងព្យាបាលជំងឺ។
ក្នុងអំឡុងពេលជួបជាមួយលោក បូរីក លោក នី បានពាំនាំនូវការសួរសុខទុក្ខដ៏កក់ក្តៅរបស់លោក ស៊ី និងបានលើកឡើងអំពីការរួមចំណែករបស់លោក បូរីក ក្នុងការជំរុញទំនាក់ទំនងចិន-ឈីលី អំឡុងពេលកាន់តំណែងប្រធានាធិបតីរបស់លោក។
លោក បូរីក បានស្នើសុំលោក នី ឱ្យពាំនាំការសួរសុខទុក្ខដ៏ស្មោះស្ម័គ្ររបស់លោកទៅកាន់លោក ស៊ី ដោយលោកបាននិយាយថា ប្រទេសចិនគឺជាដៃគូសំខាន់របស់ប្រទេសឈីលី និងបង្ហាញពីក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





