រុស្ស៊ី និងសហរដ្ឋអាមេរិក ពិភាក្សាអំពីវិបត្តិថាមពល និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ -- យោងតាមការលើកឡើងរបស់បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា គណៈប្រតិភូរុស្ស៊ីមួយក្រុមដែលមកទស្សនកិច្ចនៅសហរដ្ឋអាមេរិក បានពិភាក្សាអំពីវិបត្តិបច្ចុប្បន្ននៅក្នុងទីផ្សារថាមពលសកលនិងគម្រោងសេដ្ឋកិច្ចដែលអាចកើតមានជាមួយភាគីសហរដ្ឋអាមេរិក។
លោក គីរីល ឌីមីទ្រីអែវ (Kirill Dmitriev) បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) និងជាប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយថា កិច្ចប្រជុំមួយត្រូវបានធ្វើឡើងរវាងគណៈប្រតិភូរុស្ស៊ី និងមន្ត្រីសហរដ្ឋអាមេរិកលើគម្រោងសម្រាប់ស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។
លោកបាននិយាយថា ប្រទេសជាច្រើន ជាពិសេសសហរដ្ឋអាមេរិកបានចាប់ផ្តើមយល់កាន់តែច្បាស់អំពីតួនាទីសំខាន់របស់ប្រេង និងឧស្ម័នរបស់រុស្ស៊ីក្នុងការធានាស្ថិរភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជាភាពគ្មានប្រសិទ្ធភាពនិងលក្ខណៈបំផ្លិចបំផ្លាញនៃទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
មុននេះបន្តិច បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ស្ទេវ វីតកូហ្វ (Steve Witkoff) បាននិយាយថា តំណាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានពិភាក្សាអំពី «ប្រធានបទជាច្រើន» ហើយបានយល់ព្រមរក្សាទំនាក់ទំនងជាមួយគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





