ប្រធានាធិបតីលីទុយអានី និងឆែក សន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ -- ប្រធានាធិបតីលីទុយអានីលោក ជីតាណាស់ នូសេដា (Gitanas Nauseda) បានជួបជាមួយប្រធានាធិបតីឆែក លោក ផេទឺ ប៉ាវែល (Petr Pavel) នៅទីក្រុងវីលនូសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មការពារជាតិ ជាពិសេសក្នុងបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក និងបញ្ញាសិប្បនិម្មិត។
យោងតាមសេចក្តីប្រកាសព័ត៌មានពីការិយាល័យប្រធានាធិបតីលីទុយអានី បានឱ្យដឹងថា លោក នូសេដា ក៏បានសម្តែងក្តីសង្ឃឹមផងដែរថាសាធារណរដ្ឋឆែកនឹងចូលរួមម្តងទៀតក្នុងបេសកកម្មប៉ូលីសអាកាសបាល់ទិកនាពេលអនាគត។
លោក ប៉ាវែល បាននិយាយថា ភាគីឆែកបើកចំហរក្នុងការសហការជាមួយប្រទេសលីទុយអានីលើគម្រោងដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធលីទុយអានី។
សេចក្តីប្រកាសព័ត៌មានបាននិយាយថា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីសន្តិសុខក្នុងតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងអង្គការណាតូ និងសហភាពអឺរ៉ុបផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





