ស្វីសបិទស្ថានទូតនៅអ៊ីរ៉ង់ជាបណ្តោះអាសន្ន
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ -- ក្រសួងការបរទេសសហព័ន្ធ (FDFA) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសស្វីសបានសម្រេចចិត្តបិទស្ថានទូតរបស់ខ្លួននៅទីក្រុងតេអេរ៉ង់ជាបណ្តោះអាសន្ន ដោយសារតែហានិភ័យសន្តិសុខកើនឡើងនៅតំបន់មជ្ឈិមបូព៌ា ខណៈពេលដែលរក្សាបាននូវខ្សែទំនាក់ទំនងបើកចំហរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ក្រសួង FDFA បានបញ្ជាក់ថា មន្ដ្រីស្ថានទូតស្វីសចំនួន ៤នាក់បានចាកចេញពីប្រទេសអ៊ីរ៉ង់នៅថ្ងៃទី៣ ខែមីនា។ ឯកអគ្គរដ្ឋទូត លោក អូលីវ័រ បានហ្គឺទឺ (Olivier Bangerter) និងមន្ដ្រីស្ថានទូតស្វីសចំនួន ៥នាក់ផ្សេងទៀតបានចាកចេញពីប្រទេសនេះតាមផ្លូវគោកកាលពីព្រឹកថ្ងៃពុធ។ ពួកគេនឹងវិលត្រឡប់ទៅកាន់ទីក្រុងតេអេរ៉ង់វិញភ្លាមៗនៅពេលដែលស្ថានភាពអនុញ្ញាត។
ក្រសួងបាននិយាយថា «ជាផ្នែកមួយនៃការិយាល័យល្អរបស់ខ្លួន ប្រទេសស្វីសនឹងបន្តរក្សាខ្សែទំនាក់ទំនងបើកចំហរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយពិគ្រោះយោបល់ជាមួយប្រទេសទាំងពីរ»។
ក្រសួងបានបន្ថែមថា ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានជូនដំណឹងអំពីការបិទស្ថានទូតជាបណ្តោះអាសន្ន និងការចាកចេញរបស់មន្ដ្រីស្ថានទូតស្វីស។ «ប្រទេសស្វីសនឹងបន្តមានវត្តមានដើម្បីបញ្ជូនទំនាក់ទំនងដែលភាគីនានាចាត់ទុកថាមានប្រយោជន៍»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





