លោក ពូទីន អបអរសាទរលោក ម៉ូជតាបា ខាមេណី ដែលបានក្លាយជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ -- វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)បានផ្ញើសារអបអរសាទរទៅកាន់លោក ម៉ូជតាបា ខាមេណី (Mojtaba Khamenei) ចំពោះការតែងតាំងលោកជាមេដឹកនាំកំពូលអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបាននិយាយថា «ឥឡូវនេះនៅពេលដែលអ៊ីរ៉ង់កំពុងប្រឈមមុខនឹងការឈ្លានពានប្រដាប់អាវុធ ការងាររបស់លោកនៅក្នុងតំណែងខ្ពស់នេះនឹងតម្រូវឱ្យមានភាពក្លាហាន និងការលះបង់យ៉ាងខ្លាំង។ ខ្ញុំជឿជាក់ថាលោកនឹងបន្តការងាររបស់ឪពុកលោកដោយកិត្តិយស និងបង្រួបបង្រួមប្រជាជនអ៊ីរ៉ង់នៅចំពោះមុខការសាកល្បងដ៏ធ្ងន់ធ្ងរ»។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក ពូទីន បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ទីក្រុងមូស្គូចំពោះទីក្រុងតេអេរ៉ង់ ដោយលោកបាននិយាយថា រុស្ស៊ីនឹងនៅតែជាដៃគូដែលអាចទុកចិត្តបានចំពោះអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «សម្រាប់ខ្ញុំ ខ្ញុំចង់បញ្ជាក់ពីការគាំទ្រដ៏រឹងមាំរបស់យើងចំពោះទីក្រុងតេអេរ៉ង់ និងសាមគ្គីភាពជាមួយមិត្តភក្តិអ៊ីរ៉ង់របស់យើង។ ប្រទេសរុស្ស៊ីធ្លាប់ជា និងនឹងនៅតែជាដៃគូដែលអាចទុកចិត្តបានរបស់សាធារណរដ្ឋអ៊ីស្លាម។ ខ្ញុំសូមជូនពរឱ្យលោកទទួលបានជោគជ័យក្នុងការដោះស្រាយកិច្ចការដ៏លំបាកនៅពីមុខលោក ក៏ដូចជាសុខភាពល្អ និងកម្លាំងចិត្ត»។
លោក ម៉ូជតាបា ខាមេណី មានអាយុ ៥៦ឆ្នាំ បានក្លាយជាមេដឹកនាំកំពូលទីបីរបស់អ៊ីរ៉ង់ក្នុងប្រវត្តិសាស្ត្រ។
ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេសគីអាន (Masoud Pezeshkian) បានលើកឡើងអំពីការតែងតាំងរបស់លោកថាជាជំហានមួយឆ្ពោះទៅរកការពង្រឹងឯកភាពជាតិ។
មេដឹកនាំកំពូលមុន គឺលោក អាយ៉ាតូឡា អាលី ខាមីណី (Ayatollah Ali Khamenei) បានកាន់តំណែងនេះអស់រយៈពេល ៣៧ឆ្នាំ។ការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានវាយប្រហារផ្ទះរបស់លោកនៅទីក្រុងតេអេរ៉ង់ ដោយបានសម្លាប់លោក។ លោកមានអាយុ ៨៦ឆ្នាំ៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





