រុស្ស៊ីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១៦៣គ្រឿងក្នុងរយៈពេលមួយយប់
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ -- ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១៦៣គ្រឿងកាលពីយប់មិញ។
យោងតាមក្រសួងបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកទាំងនោះត្រូវបានបាញ់ទម្លាក់នៅចន្លោះម៉ោង ១១:០០នាទីយប់ (ម៉ោងក្នុងស្រុក)កាលពីថ្ងៃអាទិត្យ និងម៉ោង ៧:០០នាទីព្រឹក កាលពីថ្ងៃចន្ទ។
ក្រសួងបាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន ៥៤គ្រឿងត្រូវបានបាញ់ទម្លាក់នៅលើតំបន់ Bryansk និងយន្តហោះ ៤៧គ្រឿងនៅលើតំបន់ Crimea ដោយក្រសួងបានកត់សម្គាល់ថា យន្តហោះគ្មានមនុស្សបើកចំនួន ១៦គ្រឿងផ្សេងទៀតត្រូវបានស្ទាក់ចាប់នៅលើតំបន់ Krasnodar និង១១គ្រឿងនៅលើតំបន់ Kaluga។
លោក សើហ្គេយ សូបយ៉ានីន (Sergei Sobyanin) អភិបាលក្រុងមូស្គូបាននិយាយកាលពីថ្ងៃអាទិត្យថា ការការពារដែនអាកាសរុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៦ គ្រឿងដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





