លោក ម៉ាក្រុន និងប្រធានាធិបតីអេហ្ស៊ីប ពិភាក្សាគ្នាតាមទូរស័ព្ទអំពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ -- ប្រធានាធិបតីបារាំង លោកអេមម៉ានូអែល ម៉ាក្រុន (Emmanuel Macron) បានធ្វើការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដេល ហ្វាតតា អាល់ ស៊ីស៊ី (Abdel-Fattah al-Sisi) ដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា។
នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ិចរបស់លោក លោក ម៉ាក្រុន បាននិយាយថា ពួកគេបានពិភាក្សាអំពីបញ្ហាលីបង់ ដោយលោកបានកត់សម្គាល់ថា«យើងត្រូវតែធ្វើសកម្មភាពដើម្បីជៀសវាងការកើនឡើងនៃភាពតានតឹងគ្រប់បែបយ៉ាង ត្រឡប់ទៅរកបទឈប់បាញ់ និងពង្រឹងអធិបតេយ្យភាពរបស់រដ្ឋលីបង់ដោយគាំទ្រកងកម្លាំងប្រដាប់អាវុធលីបង់»។
លោក ម៉ាក្រុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាការដឹកជញ្ជូននៅសមុទ្រក្រហមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយលោកបានបន្ថែមថា សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងវិស័យពាណិជ្ជកម្មសកលដ៏សំខាន់នេះ ជាពិសេសសម្រាប់ធនធានថាមពល គឺមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចទាំងអស់។
លោក ម៉ាក្រុន ក៏បានកត់សម្គាល់ផងដែរថា ប្រឈមមុខនឹងភ្លើងសង្គ្រាមនៅក្នុងតំបន់ លោក និងលោក ស៊ីស៊ី ប្តេជ្ញាធ្វើការឆ្ពោះទៅរកការថយចុះនៃភាពតានតឹង និងនាំមកនូវសន្តិភាពដល់តំបន់មជ្ឈិមបូព៌ាវិញ។
ការសន្ទនាតាមទូរស័ព្ទបានកើតឡើងចំពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ដែលប្រទេសអ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែល និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





