អ៊ីរ៉ង់៖ អង្គភាពស៊ីវិលជិត ១០.០០០កន្លែងរងការខូចខាតក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ -- សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា អង្គភាពស៊ីវិលចំនួន ៩.៦៦៩កន្លែងត្រូវបានខូចខាតនៅក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា សមាគមនេះបាននិយាយថា ចំនួនសរុបរួមមានអង្គភាពចំនួន ៧.៩៤៣កន្លែង និងអគារពាណិជ្ជកម្មចំនួន១.៦១៧កន្លែង។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រនិងព្យាបាលចំនួន ៣២កន្លែង និងសាលារៀន និងស្ថាប័នអប់រំចំនួន៦៥កន្លែងក៏ត្រូវបានខូចខាតផងដែរ។
ការវាយប្រហារទាំងនេះក៏បានបំផ្លាញមជ្ឈមណ្ឌលអឌ្ឍចន្ទក្រហមចំនួន១៣កន្លែង រថយន្តប្រតិបត្តិការចំនួន ១៥គ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ១៣គ្រឿងដែលជាកម្មសិទ្ធិរបស់អង្គភាព និងក្រុមឆ្លើយតបបន្ទាន់ផងដែរ។
សមាគមបាននិយាយថា បុគ្គលិកពេទ្យចំនួន ១១នាក់ត្រូវបានសម្លាប់និង ៣៣នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារនេះ។
មនុស្សជាង ១.២០០នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណី (Ali Khamenei) និងមន្ត្រីយោធាជាន់ខ្ពស់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ។
ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល និងប្រទេសជាប់ឈូងសមុទ្រដែលជាជម្រករបស់ទ្រព្យសម្បត្តិយោធាអាម៉េរិក៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





