អ៊ីស្រាអែល៖ ខ្លួនបានសម្លាប់ប្រធានការិយាល័យយោធាថ្មីរបស់មេដឹកនាំកំពូលអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការពារជាតិអ៊ីស្រាអែលនៅថ្ងៃអាទិត្យបានឱ្យដឹងថា យោធាអ៊ីស្រាអែលបានសម្លាប់លោក អាប៊ូ អាល់ កាសស៊ីម បាបាយីអាន (Abu al-Qassem Babayian) ដែលទើបតែត្រូវបានតែងតាំងជាប្រធានការិយាល័យយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់។
យោងតាមសេចក្តីថ្លែងការណ៍ ការតែងតាំងនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោកត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារគ្នាដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ដែលចាប់ផ្តើមកាលពីថ្ងៃទី២៨ខែកុម្ភៈ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាតហ្ស៍ (Israel Katz) បានទទួលការណែនាំអំពីការសម្លាប់លោក បាបាយីអាន ក្នុងអំឡុងពេលវាយតម្លៃស្ថានភាពជាមួយមេបញ្ជាការកងទ័ព លោក អ៊ីយ៉ាល់ ហ្សាមៀ (Eyal Zamir) និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
កាលពីថ្ងៃទី២៩ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមីណី (Ali Khamenei) រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលជាច្រើន។ ក្រោយមកអ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារ ដែលផ្តោតលើមូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





