នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពាវនាវឱ្យមានវិធីសាស្រ្តសន្តិភាព ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ -- ថ្មីៗនេះ ប្រទេសម៉ាឡេស៊ីបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំមជ្ឈិមបូព៌ាជាច្រើនរូប ដោយអំពាវនាវឱ្យមានវិធីសាស្រ្តដោយសន្តិវិធី និងការអត់ធ្មត់ ដើម្បីបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)បាននិយាយនៅក្នុងការបង្ហោះជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា ជំហររបស់ប្រទេសម៉ាឡេស៊ីត្រូវបានបង្ហាញក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាថ្មីៗនេះជាមួយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកាតា លោក សេក ម៉ូហាម៉េដ ប៊ីនអាប់ឌុលរ៉ាម៉ាន់ ប៊ីន ចាស៊ីម អាល់ថានី (Sheikh Mohammed bin Abdulrahman bin Jassim Al-Thani) ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួមលោក សេក ម៉ូហាម៉េដ ប៊ីន ហ្សាយីដ អាល់ ណាយ៉ាន់ (Sheikh Mohamed bin Zayed Al Nahyan) និងព្រះមហាក្សត្រ និងជានាយករដ្ឋមន្ត្រីបារ៉ែន ព្រះអង្គម្ចាស់ សាល់ម៉ាន់ ប៊ីន ហាម៉ាដ អាល់ ខាលីហ្វា(Salman bin Hamad Al Khalifa)។
លោក អាន់វ៉ា បាននិយាយថា ពួកគេបានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍បច្ចុប្បន្ននៅក្នុងប្រទេសកាតា និងបារ៉ែន ក៏ដូចជាតំបន់មជ្ឈិមបូព៌ាដ៏ធំទូលាយបន្ទាប់ពីការវាយប្រហារលើប្រទេសអ៊ីរ៉ង់។
លោកបានមានប្រសាសន៍ថា «ខ្ញុំក៏កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកាតា និងបារ៉ែនក្នុងការធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនម៉ាឡេស៊ីដែលរស់នៅក្នុងប្រទេសទាំងពីរ។យើងបានឯកភាពគ្នាថា គ្រប់ភាគីទាំងអស់គួរតែផ្តល់អាទិភាពដល់វិធីសាស្រ្តដោយសន្តិវិធី និងអនុវត្តការអត់ធ្មត់ពីសកម្មភាពណាមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់»។
ទន្ទឹមនឹងនេះ លោក អាន់វ៉ា ក៏បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយេដ អាប់បាស់ អារ៉ាកជី (Seyed Abbas Araghchi) ដើម្បីបង្ហាញពីការអាណិតអាសូរ និងសាមគ្គីភាពរបស់ប្រទេសម៉ាឡេស៊ីជាមួយប្រជាជនអ៊ីរ៉ង់ក្នុងអំឡុងពេលដ៏លំបាកបំផុតនេះ។
លោក អាន់វ៉ា បាននិយាយថា ប្រទេសម៉ាឡេស៊ីក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលវិបាកនៃជម្លោះដ៏អូសបន្លាយនេះចំពោះសន្តិភាពស្ថិរភាព និងសុខុមាលភាពពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





