ទស្សនៈ៖ ការពារកិត្តិយសកម្ពុជា និងការទាមទារសារព័ត៌មានមានទំនួលខុសត្រូវ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ -- ការចេញផ្សាយរបស់ The Wall Street Journal ដែលបានប្រើពាក្យ “Scambodia” ដើម្បីពិពណ៌នាអំពី Cambodia មិនត្រឹមតែជាការបង្ហាញអវិជ្ជមានវិជ្ជាជីវៈ តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ខូចកិត្តិយសជាតិមួយទាំងមូល ដោយខ្វះតុល្យភាព និងការវិភាគបែបទទួលសំណូកពីប្រទេសណាមួយឬជនណាមួយ។
ជាក់ស្តែង បញ្ហាអំពើឧក្រិដ្ឋកម្មបច្ចេកវិទ្យា (cybercrime) គឺជាបញ្ហាសកល មិនមែនកើតឡើងតែក្នុងប្រទេសណាមួយនោះទេ ប្រទេសជាច្រើនជុំវិញពិភពលោកក៏ដូចជាប្រទេសអភិវឌ្ឍខ្ពស់ក៏កំពុងប្រឈមមុខនឹងបញ្ហានេះដូចគ្នា។ ដូច្នេះ ការប្រើពាក្យស្លោកដូចជា “Scambodia” គឺជាការបង្ហាញមតិដែលបំភាន់សាធារណៈ និងបង្កើតការយល់ច្រឡំលើស្ថានភាពពិត។
លើសពីនេះ ការបង្ហាញថាប្រទេសមួយត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋកម្ម គឺជាការសន្និដ្ឋានដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ភាពជឿជាក់អន្តរជាតិ ការវិនិយោគ និងឱកាសអភិវឌ្ឍន៍របស់ប្រជាជនវាមិនមែនជាការយុត្តិធម៌ក្នុងការចោទប្រកាន់ប្រជាជនជាច្រើនលាននាក់ ដោយផ្អែកលើសកម្មភាពរបស់ក្រុមតិចតួចនោះឡើយ។
លើសពីនេះទៅទៀត ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែលមានអរិយធម៌យូរអង្វែង ពោរពេញដោយវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្នូរ និងគុណតម្លៃសង្គមដែលផ្អែកលើសេចក្តីគោរព សុចរិតភាព និងមនុស្សធម៌ ប្រជាជនខ្មែររស់នៅដោយមានសេចក្តីថ្លៃថ្នូរ មិនមែនជាសង្គមដែលលើកស្ទួយអំពើអសីលធម៌ ឬអាជីវកម្ម ពេស្យាចារ បំផ្លាញគុណតម្លៃមនុស្សដូចដែលអាចឃើញនៅប្រទេសខ្លះនោះទេ។
ការយកករណីអវិជ្ជមានមួយចំនួនមកធ្វើជារូបតំណាងសម្រាប់ប្រទេសទាំងមូល គឺជាការមិនត្រឹមត្រូវ និងមិនគោរពចំពោះអត្តសញ្ញាណ និងកិត្តិយសជាតិ។ ប្រទេសមួយត្រូវបានកំណត់ដោយវប្បធម៌ ប្រវត្តិសាស្ត្រ និងប្រជាជនរបស់ខ្លួន មិនមែនដោយសកម្មភាពអវិជ្ជមានរបស់មនុស្សតិចតួច។
ពិតណាស់ បញ្ហាទាំងនេះមិនគួរត្រូវបានមើលរំលងទេ ប៉ុន្តែការដោះស្រាយត្រូវការការសហការអន្តរជាតិ ការពង្រឹងច្បាប់ និងការអប់រំ ហើយកម្ពុជាកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្តីទី សម្តេចតេជោហ៊ុន សែន បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សូមជម្រាបថា ច្បាប់នេះមានចំនួន២៤មាត្រា និងមានកម្មវត្ថុចម្បង ដាក់ទោសទណ្ឌធ្ងន់ធ្ងរលើឧក្រិដ្ឋជនឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ ទោសទណ្ឌធ្ងន់ធ្ងរ ដោយសារតែជនល្មើសអាចត្រូវបានតុលាការកាត់ទោសឱ្យជាប់ក្នុងពន្ធនាគារអស់មួយជីវិត។
ពាក្យពេចន៍ដែល The Wall Street Journal ប្រើនេះបង្ហាញថា សារព័ត៌មាននេះ ត្រូវបានពួកណាមួយនោះ ឬប្រទេសណាមួយនោះជះលុយឱ្យសរសេរចោទប្រកាន់មកលើកម្ពុជា ដើម្បីបិទបាំងអំពើថោកទាបរបស់អ្នកនយោបាយឬក្រុមណាមួយនៃប្រទេសណានោះ ដែលគេដឹង
ថាជាប្រទេសដែលពោរពេញទៅដោយអំពើឧបាយមុខ ពេស្យាចារ គ្រឿងញៀន និងជាប្រទេសដែលគេហៅថា ជាប្រទេសជំងឺអាស៊ី។
សារព័ត៌មានគួរតែជាកញ្ចក់បង្ហាញការពិតដោយមានតុល្យភាព និងទំនួលខុសត្រូវ មិនមែនកញ្ចក់បំភាន់ដូច The Wall Street Journal នេះដែលបង្កការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសជាតិមួយទាំមូលនោះឡើយ៕

ដោយ៖ ជា ច័ន្ទបរិបូរណ៌
(អត្ថបទនេះ ជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ។)





