រដ្ឋមន្រ្ដីការបរទេសចិន៖ មិត្តភាពដែកថែបរវាង កម្ពុជា-ចិន អាចកើតមានឡើង គឺដោយសារសម្ដេចតេជោ ហើយបន្តនូវចំណងមិត្តភាពដោយសម្ដេចធិបតី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនបានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន គឺជាតួអង្គមួយដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន ដោយឯកឧត្ដមបានសង្កត់ធ្ងន់ថា មិត្តភាពដែកថែបរវាង កម្ពុជា-ចិន អាចកើតមានឡើង គឺដោយសារសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែងនៅក្នុងការពង្រឹងចំណងមិត្តភាពកន្លងមក ហើយបន្តនូវចំណងមិត្តភាពដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ក្នុងខណៈដែលឯកឧត្ដមបានដឹកនាំមកចូលរួមកិច្ចសន្ទនាយុទ្ធសស្ត្រ លើកទីមួយ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយ ឯកឧត្តម Wang Yi ជាថ្មី ដោយបានចាត់ទុកឯកឧត្តម Wang Yi គឺជាមិត្តចាស់របស់កម្ពុជា និងបានធ្វើការជាមួយគ្នាជាយូរឆ្នាំមកហើយ។ សម្ដេចតេជោបានលើកឡើងពីដំណើររបស់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិនមកកាន់ប្រទេសកម្ពុជានាពេលនេះ ក្នុងការចូលរួមក្នុងកិច្ចប្រជុំកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន គឺបង្ហាញយ៉ាងច្បាស់អំពីមិត្តភាពដ៏រឹងមាំរវាង កម្ពុជា-ចិន។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា បើទោះបីជាពិភពលោកនាពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្ដី ក៏ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ។

ជាមួយគ្នានេះ ឯកឧត្តម Wang Yi បានសម្ដែងនូវការអរគុណជាអនេកប្បការ ដែលសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្ដម និងសហការីបានជួបសម្ដែងការគួរសម។ ឯកឧត្ដមពិតជារីករាយណាស់ដែលបានជួបជាមួយនឹងសម្ដេចតេជោ ជាមិត្តចាស់របស់ចិន។ ឯកឧត្ដមក៏នាំមកជាមួយនៅការសាកសួរសុខទុក្ខពីប្រធានាធិតីចិន ជូនចំពោះសម្ដេចតេជោ ដោយបានលើកឡើងថា ឯកឧត្ដមប្រធានាធិបតីក៏បានដឹងដែរថា ថ្មីៗនេះសម្ដេចបានទៅកាន់ប្រទេសចិន តាមដានអំពីព្រះរាជសុខភាពរបស់ព្រះករុណាព្រះមហាក្សត្រ។ ឯកឧត្ដម ស៊ី ជីនពីង តាមរយៈឯកឧត្តម Wang Yi បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការថែរក្សានូវព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា សម្ដេចតេជោ គឺជាតួអង្គមួយដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន ដោយឯកឧត្ដមបានសង្កត់ធ្ងន់ថា មិត្តភាពដែកថែបរវាងកម្ពុជា-ចិន អាចកើតមានឡើង គឺដោយសារសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែងនៅក្នុងការពង្រឹងចំណងមិត្តភាពកន្លងមក ហើយបន្តនូវចំណងមិត្តភាពដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្ដមបានលើកឡើងថា មិត្តភាពដែកថែបនេះ ឯកឧត្ដម ស៊ី ជីនពីង ធ្លាប់បានបញ្ជាក់ហើយថា មិនមែនមិត្តភាពដែកថែបមានតែឈ្មោះទេ ក៏ប៉ុន្តែគឺជាមិត្តភាពដែកថែប ដែលបានអនុវត្តន៍ជាក់ស្ដែងជាមួយគ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តម Wang Yi ក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលបានពិភាក្សាគ្នា និងបានសម្រេចនូវលទ្ធផលល្អៗជាច្រើន ក្នុងការពង្រឹងទៅលើទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំចំពោះការលើកឡើងរបស់ឯកឧត្តម Wang Yi ហើយសម្ដេចតេជោ ក៏បានផ្ដាំផ្ញើតាមរយៈឯកឧត្តម Wang Yi នូវការសួរសុខទុក្ខទៅកាន់ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ផងដែរ។ សម្ដេចតេជោ បានសម្ដែងនូវការរីករាយចំពោះលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលបានធ្វើនៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងចិន កាន់តែរឹងមាំបន្ថែមទៀត ឆ្លងកាត់តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២នេះ។ សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបានបន្ថែមថា អ្វីដែលជាការកត់សម្គាល់ ដែលសម្ដេចតេជោបានជំរុញទៅកាន់ភាគីចិន គឺស្នើឱ្យភាគីចិនបន្តគាំទ្ររដ្ឋាភិបាលកម្ពុជានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយសម្ដេចតេជោបានសង្កត់ធ្ងន់ទៅលើចំណុចស្នូលនៃទំនាក់ទំនង គឺសេដ្ឋកិច្ច ដែលកម្ពុជាចង់ពង្រឹងនូវភាពធន់ផ្នែកសេដ្ឋកិច្ចនេះឱ្យបានកាន់តែរឹងមាំ។ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ក៏បានលើកឡើងបន្ថែមទៀត អំពីការអរគុណចំពោះមិត្តចិនដែលបានគាំទ្រ និងជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាកន្លងមក ជាពិសេសគឺការផ្ដល់ជំនួយ ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដែលការជួយរបស់ចិនបានចូលរួមចំណែកនូវក្នុងការពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជាឱ្យបានរឹងមាំ។
ឯកឧត្តម Wang Yi ក៏បានលើកឡើងនូវការសរសើរចំពោះភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយរដ្ឋាភិបាលចិន នូវតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលស្របទៅនឹងសហគមន៍វាសនារួម ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា និងស្របទៅនឹងផលប្រយោជន៍ប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ៕
ដោយ៖ ជឹម ណារី





